ធ្វើបានល្អណាស់! ចប់ការប្រកួត U23 កម្ពុជា លត់ U23 ឡាវ ៤-១
ភ្នំពេញ៖ ក្រុមគោព្រៃជំទង់កម្ពុជាអាយុក្រោម ២៣ឆ្នាំ បានយកឈ្នះទៅលើក្រុមយុវជនឡាវអាយុក្រោម២៣ឆ្នាំ ក្នុងលទ្ធផល ៤-១ សម្រាប់ការប្រកួតបាល់ទាត់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម វគ្គសន្សំពិន្ទុពូល B។
ក្រុមទាំងពីរបានបើកការវាយសម្រុកគ្នាតាំងពីដើមវគ្គទី១ ប៉ុន្តែក្រុមកម្ពុជាហាក់មានការគ្រប់គ្រងបាល់បានល្អជាង និងបង្កើតឱកាសដើម្បីស៊ុតទៅលើឡាវបានល្អជាង។ ក្រោយការកៀបសង្កត់របស់កម្ពុជា នៅនាទីទី៤ កម្ពុជាក៏ធ្វើបានសម្រេចក្នុងការបើកការនាំមុខមួយគ្រាប់មុន១-០ ដោយកីឡាករ សៀង ចន្ធា ។ ការប្រកួតបន្ត ក្រុមកម្ពុជាក៏មានបាល់វាយបកជាច្រើនដង រហូតដល់នាទីទី១៤ សារ ទី ក៏មានឱកាសវាយបកម្ដងទៀត និងស៊ុតបុកអ្នកចាំទីឡងទៅបុកខ្សែការពារបញ្ចូលទីបានសម្រេច ហើយគ្រាប់បាល់នេះអាជ្ញាកណ្ដាលផ្ដល់ឲ្យ សារ ទី ជាអ្នកស៊ុតបញ្ចូល។ ចប់វគ្គទី១ កម្ពុជានាំមុខ ២-០។
ចូលដល់វគ្គទី២ ក្នុងពេលបើកឆាក ឡាវ មានឱកាសស៊ុត ជាបន្ទាប់ៗ ខណៈដែលកម្ពុជាព្យាយាមលេងតាមបែបវាយបក និងទទួលបានឱកាសកាត់ចូលជាបន្ទាប់ៗ។ រហូតដល់នាទី៦០ ឡាវ បានបើកការវាយសម្រុកយ៉ាងខ្លាំងស៊ុតហើយស៊ុតទៀត តែកីឡាករកម្ពុជាបានរារាំងបានសម្រេច។ យ៉ាងណា ដល់នាទីទី៦៣ គី រីណា បានព្យាយាមអូសហើយអូសទៀត ដើម្បីបង្កើតឱកាស និងស៊ុតបញ្ចូលទីបានសម្រេច ដើម្បីជួយយុវជនកម្ពុជានាំមុខ ៣-០។
ចូលដល់នាទី៦៧ ការប្រកួតកាន់តែជក់ចិត្ត រហូតកីឡាករឡាវ ទទួលបានឱកាសស៊ុតពីចម្ងាយ និងរកគ្រាប់បាល់តាមបាន ១-៣។ ប៉ុន្តែការប្រកួតត្រូវបានគេឃើញថា កម្ពុជាមានឱកាសជាបន្ទាប់ៗ រហូតដល់នាទីទី៧១ កម្ពុជាមានឱកាសស៊ុតបញ្ចូលទីបានសម្រេចម្ដងទៀតដោយ អ៊ឹម សំអូន ធ្វើឲ្យកម្ពុជានាំមុខ៤-១។ បើទោះមានការនាំមុខ៤-១ក្ដី កម្ពុជានៅតែមានឱកាសជាហូរហែ និងមិនបន្ធូរដៃឡើយ ខណៈឡាវខំប្រឹងប្រែងបុកខ្លាំងណាស់ដែរ តែដាច់មាត់។ ការប្រកួតនេះត្រូវបានគេមើលឃើញថា មានឱកាសស៊ុតទៅស៊ុតមក បើទោះបីកម្ពុជានាំមុខ ៤-១ តែការស៊ុតគ្នាទៅវិញទៅមកនេះ មិនមានគ្រាប់បាល់ទៀតទេ។ ចប់ការប្រកួត U23 កម្ពុជា ឈ្នះ U23 ឡាវ ៤-១។
ជ័យជម្នះនេះធ្វើឲ្យកម្ពុជាមាន ៣ពិន្ទុ និងស្ថិតនៅលេខ១ ក្នុងពូល B ជាបណ្ដោះអាសន្ន ខណៈក្រុមលេខ២ គឺម៉ាឡេស៊ី ដែលយកឈ្នះយុវជនថៃ ២-១។ សម្រាប់ប្រកួតទី២ របស់យុវជនកម្ពុជា នឹងប៉ះយុវជនសិង្ហបុរី នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២៕
ប្រភព Camsoc