កីឡាករឃីកបុកស៊ីងកម្ពុជា ៣នាក់ ឡើងទៅដណ្ដើមមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម

Detail Top Banner

ហាណូយ៖ កីឡាករឃីកបុកស៊ីងកម្ពុជា ៣នាក់ បានឈានដល់ការប្រកួតដណ្ដើមមេដាយមាស ក្នុង ចំណោម៤នាក់ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ។

ក្នុងនោះកីឡាករ ទូច រ៉ាឆាន់ (បឹត សង្ឃឹម) ជាបេក្ខភាពឈានទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស បន្ទាប់ពីឈ្នះកីឡាករម៉ាឡេស៊ី Seaw Wei Sheng នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយពិន្ទុ លើប្រភេទ ទម្ងន់ ៥៧គីឡូក្រាម។  គូទី២ កីឡាករ លន បញ្ញា បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដូចគ្នាបន្ទាប់ពីឈ្នះ ដោយពិន្ទុលើកីឡាករថៃ Rodnok Ophat  វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សម្រាប់វិញ្ញាសាទម្ងន់ ៦៧គីឡូ ក្រាម។

គូទី៣កីឡាករ កាន់ ម៉េងហុង បានវាយកីឡាករម៉ាឡេស៊ី Awang Marajaya Awangku Abdul Rahman រហូតដល់អាជ្ញាកណ្ដាលរាប់ រហូតយកឈ្នះដោយពិន្ទុ ក្នុងវិញ្ញាសាទម្ងន់ ៥៤គីឡូក្រាម។  ប៉ុន្តែគូចុងក្រោយគឺកីឡាករ សាន រ៉ាគីម បានរងបរាជ័យក្រោមថ្វីដៃកីឡាករថៃ Santidongsakun Chaleamlap ក្នុងប្រភេទទម្ងន់ ៦៣គីឡូក្រាម ទទួលបានត្រឹមមេដាយសំរឹទ្ធ។

គួរបញ្ជាក់ថា  គិតត្រឹមពេលនេះ កីឡាករកម្ពុជា ៣រូបរួមមាន ទូច រ៉ាឆាន់, កាន់ ម៉េងហុង និងលន បញ្ញា ត្រៀមប្រកួតដណ្ដើមមេដាយមាស នៅថ្ងៃទី១១ ខែឧសភា ស្អែកនេះ ៕

You might also like