វីរបុរសបាល់ទាត់កម្ពុជា លោក ប៉ែន ផាត ទាយទុកមុនថា ក្រុមជម្រើសជាតិ U 23 កម្ពុជា នឹងឈ្នះសិង្ហបូរី

Detail Top Banner

ភ្នំពេញ៖ ក្រុមជម្រើសជាតិ U23 កម្ពុជា បន្ដជួបក្រុមជម្រើសជាតិ U23 សិង្ហបុរី នាវេលាម៉ោង ៤រសៀលនេះ សម្រាប់ការប្រកួតទី២ ក្នុងពូល B នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ទាក់ទងនឹងជំនួបទី២ ជាមួយក្រុមជម្រើសជាតិសិង្ហបូរី វីរបុរសបាល់ទាត់កម្ពុជា លោក ប៉ែន ផាត បានលើកឡើងថា ក្រុមជម្រើសជាតិ U 23 កម្ពុជា នឹងឈ្នះក្នុងលទ្ធផលបច្ចេកទេស ២ទល់០ ឬ ៣ទល់១។ លោកថា ទម្រង់លេងរបស់ក្រុមជម្រើសជាតិ U23 កម្ពុជា គឺល្អដោយសារប្រព័ន្ធលេងមានការសហការគ្នាយ៉ាងល្អ ល្បឿនក៏ល្អ បោះបាល់ ចែកបាល់ក៏រិតតែល្អ។ ប៉ុន្តែពួកគេ នៅមានភាពអាត្មានិយមបន្តិច គឺជួនកាលស៊ុតច្រើនជាងចែក តែបើពួកគេកែសម្រួលចំណុចនេះបាន ខ្ញុំជឿថា ក្រុមជម្រើសជាតិ U23 កម្ពុជា នឹងឈ្នះក្រុមជម្រើសជាតិសិង្ហបូរី ដូចយកឈ្នះជម្រើសជាតិ U23 ឡាវដែរ។

លោក ប៉ែន ផាត ក៏បានលើកសរសើរលោក Keisuke Honda ដែលជ្រើសរើសសុទ្ធសឹងតែជាយុវជនមានទេពកោសល្យ និងមានបទពិសោធន៍ល្អលើទីលានប្រកួត។ លោកបានជូនពរអោយក្រុមជម្រើសជាតិ U23 កម្ពុជា ទទួលបានជ័យជំនះ ក្នុងជំនួបទី២ ដើម្បីទទួលបាន ៦ពិន្ទុ ឈរលេខ១ ពូលB។

គួរបញ្ជាក់ថា ការប្រកួតទី៣ ក្រុមជម្រើសជាតិ U23 កម្ពុជា បានប្រកួតឈ្នះក្រុមជម្រើសរើសជាតិ U23 ឡាវ ក្នុងលទ្ធផល ៤ទល់១ កាលពីថ្ងៃទី០៩ កន្លងទៅ ហើយនៅថ្ងៃទី១១ ខែឧសភានេះ ក្រុមជម្រើសជាតិ U23 កម្ពុជា ត្រូវជួបជាមួយក្រុមជម្រើសជាតិ U23 សិង្ហបុរី មុននឹងបន្តជួបក្រុមជម្រើសជាតិ U23 ថៃ នៅថ្ងៃទី១៤។ រីឯការប្រកួតចុងក្រោយ កម្ពុជាត្រូវជួបក្រុមជម្រើសជាតិ U23 ម៉ាឡេស៊ី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។ ចំណែកឯក្រុមជម្រើសជាតិ U23 ម៉ាឡេស៊ី នឹងប៉ះក្រុមជម្រើសជាតិ U23 ឡាវ នៅម៉ោង ១៩:០០នាទី។

សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតបាល់ទាត់ផ្នែកបរុស នៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្នុងពូល B ក្រុមជម្រើសជាតិ U23 ថៃ ឈរលេខ១ ឆ្លងកាត់២ប្រកួត ឈ្នះ១ ចាញ់១ មាន៣ពិន្ទុ ខណៈកម្ពុជាឈរនៅលេខ២ មាន៣ពិន្ទុ។ រីឯលេខ៣ គឺ ម៉ាឡេស៊ី មាន៣ពិន្ទុដូចគ្នា ទើបតែប្រកួតបាន១ប្រកួត ខណៈឡាវ លេខ៤ សិង្ហបូរី លេខ៥ មាន១ពិន្ទុដូចគ្នា ឆ្លងកាត់២ប្រកួត៕

You might also like