ការប្រកួតសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២២ រយៈពេល៣ថ្ងៃ ទាក់ទាញបានចំ ណាប់អារម្មណ៍ចង់លេងនិងប្រកួតច្រើន
ឯកឧត្តម ឧត្តមសេនីយ៍ ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងប្រាប់អ្នកព័ត៌មាន ក្រោយបញ្ចប់ ពិបិទការប្រកួតកីឡាវាយសីសិស្សបឋមថ្នាក់ជាតិ កាលពីពេលថ្មីនេះថា ឆ្លងកាត់ការប្រកួតអស់រយៈពេល៣ថ្ងៃ សម្រាប់ការប្រកួតដែលរៀបចំដោយក្រសួងអប់រំយុវជន និងកីឡា សហការរៀបចំបច្ចេកទេ ដោយសហព័ន្ធកីឡាវាយសីកម្ពុជា សង្កេតឃើញថា កីឡាករកីឡាការិនីវ័យក្មេងមកពីមន្ទីររាជធានី ខេត្ត ទាំង៦ គឺមានចំណាប់អារម្មណ៍លេងនិងចង់ប្រកួតប្រជែងគ្នាយ៉ាងខ្លាំង។
អគ្គលេខាធិការរូបនេះ បញ្ជាក់ទៀតថា តាមរយៈការប្រកួតនេះ នឹងទាក់ទាញបាននូវធនធានកីឡាវាយសីកាន់តែច្រើននៅតាមសាលារៀន ព្រោះសិស្សដែលទទួលបានជ័យលាភីពីការប្រកួតនេះ នឹងនាំយកមេដាយដែលជាជ័យលាភីរបស់ពួកគេទៅបង្អួតសិស្សដទៃទៀត ធ្វើឲ្យកីឡាវាយសីកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងនៅតាមសាលារៀន ពេលនោះហើយវាយសីនឹងមានធនធានកីឡាវ័យក្មេងឆ្នើមៗកាន់តែច្រើន។
អគ្គលេខាធិការខាងលើ អះអាងទៀតថា តាមគម្រោងអភិវឌ្ឍរបស់សហព័ន្ធកីឡាវាយសី ដែលមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ជាប្រធានសហព័ន្ធ នឹងបន្តចុះបើ កវគ្គបណ្តុះ បណ្តាលជាបន្តបន្ទាប់ទៀតនៅតាមមន្ទីររាជធានីខេត្តទាំង២៥ ដើម្បីផលិតបានធនធានគ្រូបង្វឹកកាន់តែច្រើនយកទៅបង្ហាត់តាមសាលារៀនជួយឲ្យកីឡាវាយសីកាន់តែរីកចំរើននៅថ្ងៃអនាគត។
ឯកឧត្តម កុសល សុវណ្ណវិសាល អនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា លទ្ធផលប្រកួតនាពេលនេះ បានបង្ហាញពីភាពរីកចំរើននៃវិស័យកីឡាវាយសីនៅកម្ពុជា ហយើយ ការប្រកួតនេះបានបើកផ្លូវបន្ថែមមួយទៀតនៃជំហានឆ្ពោះទៅមុខរបស់វិស័យកីឡាវាយសីនៅកម្ពុជា ព្រោះគឺជាលើកទី១ហើយ ដែលយើងមានការប្រកួតសិស្សបឋមថ្នាក់ជាតិ ដើម្បីជ្រើសរើសបានកីឡាករថ្នាលល្អៗមកបណ្តុះជាកីឡាករកីឡាការិនីមានទេពកោសល្យខ្ពស់ពេលអនាគត។
ឯកឧត្តម បានជម្រុញឲ្យកីឡាករកីឡាការិនីជ័យលាភី និងមិនទាន់ដណ្តើមបានជ័យលាភី សូមកុំបង្អង់ត្រូវដាក់ចិត្តហ្វឹកហាត់ឲ្យបានទៀងទាត់ជាប្រចាំ ដ់ម្បីអភិវឌ្ឍខ្លួនក្លាយជាកីឡាករការិនីមានសិទ្ធិផលខ្ពស់តំណាងឲ្យជាតិចូលរួមប្រកួតដណ្តើមមេដាយជូនជាតិសម្រាប់ការប្រកួតលើឆាកអន្តរជាតិ៕