ក្រុមហុកគីនារីកម្ពុជា ចេញទៅប្រកួតជម្រុះកីឡាអាស៊ី នៅឥណ្ឌូណេស៊ី
ភ្នំពេញ៖ ក្រុមហុកគីនារីកម្ពុជាបានចេញដំណើរទៅប្រកួតជម្រុះកីឡាអាស៊ី (Women’s Asian Games Qualifier 2022) នៅទីក្រុងចាការតា ប្រទេសឥណ្ឌូណេស៊ី ហើយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ ។
ថ្លែងមុនចេញដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជា អោយដឹងថា នេះជាការប្រកួតជម្រុះកីឡាអាស៊ីលើវិញ្ញាសាហុកគីទីវាលផ្នែកនារី ដោយមានក្រុមកម្ពុជា សិង្ហបុរី កាហ្សាក់ស្ថាន ហុងកុង ស្រីលង្កា អូបេគីស្ថាន និងម្ចាស់ផ្ទះឥណ្ឌូណេស៊ី។ ការប្រកួតជម្រុះនេះនឹងទម្លាក់ចោល៣ក្រុម និងជ្រើសរើសយកក្រុមជ័យលាភីចំនួន៤ក្រុមឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រ Asian Games នៅទីក្រុង Hangzhou ប្រទេសចិន ដែលគ្រោងនឹងរៀបចំនាខែកក្កដា ឆ្នាំ២០២២ ត្រូវពន្យារពេល។
គួរបញ្ជាក់ថា ក្រុមនារីហុកគីកម្ពុជា រួមទាំងប្រតិភូ គ្រូបង្វឹកមានចំនួនសរុប ២១នាក់ដែលគ្រោងនឹងប្រកួតពីថ្ងៃទី៦-១៥ ខែមិថុនា ឆ្នាំ២០២២ជាមួយនឹង៦ប្រទេសផ្សេងទៀត ដោយទទួលបានការគាំទ្រ ទំនុកបម្រុងលើថ្លៃសំបុត្រយន្តហោះ ការហូបចុក ស្នាក់នៅពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ៕