លោក Ryu Hirose ៖ដើម្បីរៀបចំសម្រាប់វគ្គជម្រុះពាន AFC ក៏ដូចជាព្រឹត្តិការណ៍ដទៃទៀត សម្រាប់ឆ្នាំនេះ នឹងឆ្នាំក្រោយ យើងត្រូវតែផ្លាស់ប្ដូរយុទ្ធសាស្ត្រ
បាល់ទាត់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតឈ្នះ ក្រុមជម្រើសជាតិទីម័រខាងកើត ដោយលទ្ធផល ២-១ ក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ នាល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ក្នុងការប្រកួតនេះ ទីម័រខាងកើត ហាក់មានការគ្រប់គ្រងបាល់ច្រើនជាងកម្ពុជា និងជាពិសេសទៅទៀតមានឱកាសទាត់ចូលកម្ពុជាមុន នៅនាទី២១ ដោយកីឡាករចំណូលថ្មីរបស់អង្គរថាយហ្គឺរ Mouzinho Barreto de Lima។ ក្រោយមកទៀតទើបកម្ពុជា រកគ្រាប់បាល់តាមស្មើដោយកីឡាករ កែវ សុខផេង នៅនាទី៣៩ ខណៈនៅវគ្គទី២ ទីម័រខាងកើត ក៏គ្រប់គ្រងបាល់បានច្រើនដូចគ្នា ប៉ុន្តែចុងក្រោយ កម្ពុជា បានទាត់ចូលគ្រាប់បាល់ជ័យជម្នះ នៅនាទី៨៤ ដោយកីឡាករ ជួន ចាន់ចាវ។
ក្រោយចប់ការប្រកួត លោក Ryu Hirose គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា បានបង្ហើបឲ្យដឹងពីមូលហេតុដែលត្រូវបានទីម័រខាងកើត គ្រប់គ្រងការប្រកួត ដោយសារកម្ពុជាមានការកែប្រែយុទ្ធសាស្ត្រថ្មី គឺដើម្បីត្រៀមព្រឹត្តិការណ៍ជាច្រើនទៀត។
លោក Ryu Hirose បាននិយាយដូច្នេះថា៖ បើទោះបីជាមានស្ថានភាពពិបាកខ្លះក៏ដោយ ពេលគេនាំមុខ ១-០ ប៉ុន្តែយើងនៅតែអាចរកគ្រាប់បាល់ ២គ្រាប់មកវិញ ដែលវាជារឿងថ្មីសម្រាប់កម្ពុជា»។ «ដើម្បីរៀបចំសម្រាប់វគ្គជម្រុះពាន AFC ក៏ដូចជាព្រឹត្តិការណ៍ដទៃទៀត សម្រាប់ឆ្នាំនេះ នឹងឆ្នាំក្រោយ យើងត្រូវតែផ្លាស់ប្ដូរយុទ្ធសាស្ត្រ ហើយទីម័រខាងកើត ក៏ជាគូប្រកួតដែលខ្លាំង និងអាចចែករំលែកពីរបៀបដែលយើងផ្លាស់ប្ដូរយុទ្ធសាស្ត្រ ដោយពុំចាំបាច់ធ្វើការដាក់សម្ពាធ និងការគ្រប់គ្រងបាល់»។
ក្រោយចប់ការប្រកួតនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងចាប់ផ្ដើមបេសកកម្មការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំចុងក្រោយ ក្នុងពូល D លើទឹកដីកណ្ដាលនៃប្រទេសឥណ្ឌា ដោយកម្ពុជា រួមពូលជាមួយម្ចាស់ផ្ទះឥណ្ឌា, អាហ្វហ្គានីស្ថាន និងហុងកុង ដោយការប្រកួតនឹងប្រព្រឹត្តទៅ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕