កីឡាករគុនខ្មែរលំដាប់អេ កម្ពុជា២រូប នឹងបង្ហាញខ្លួនក្នុងកម្មវិធីប្រដាល់ធំប្រចាំឆ្នាំរបស់ថៃនៅថ្ងៃទី២០ ខែ មិថុនា
កីឡាករលំដាប់ អេ របស់ព្រះរាជាណាចក្រកម្ពុជា២រូប គឺ កីឡាករ ទិន ដិន ហៅ សែន រ៉ាដេត និង កីឡាករ សុខ ធី ហៅកាកា ដែលកំពុងប្រកដអាជីពប្រដាល់នៅថៃ នឹងត្រូវបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រដាល់ដ៏ធំប្រចាំឆ្នាំរបស់ថៃ នៅថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២២។ កម្មវិធីប្រដាល់មួយនេះ គឺជាកម្មវិធីដ៏ធំរបស់ថៃ ដែលរៀបចំប្រជុំដោយជើងខ្លាំង ហើយនេះ ក៏ជាលើកទី១ ដែលមានកីឡាករកម្ពុជាបង្ហាញខ្លួនចូលរួមប្រកួត។
កម្មវិធីលំដាប់ប្រទេសនេះ គឺប្រកួតចំនួន១០គូ សម្រាប់កីឡាករកម្ពុជា ដែលមានកីឡាករ២រូបចូលរួមប្រកួតនោះ គឺ សុខ ធី ហៅ កាកា ប្រកួតគូទី១ត្រូវប៉ះជាមួយកីឡាករថៃ ភេត ភូកាត់ ប្រកួតក្នុងប្រភេទទម្ងន់១២៩ផោន រីឯ កីឡាករ ទិន ដិន ហៅ សែន រ៉ាដេតប្រកួតគូទី៩ ត្រូវជួបប្រកួតជាមួយកីឡាករថៃ កោះ តៅ ក្នុងប្រភេទម្ងន់១១៧ផោន។
កម្មវិធីប្រដាល់ដ៏ធំរបស់ថៃមួយនេះមានឈ្មោះថា U MUY រៀបចំនៅសង្វៀនប្រដាល់រាចាដាំនឿង។កីឡាករដែលមានឈ្មោះកោះហៅចូលរួមក្នុងកម្មវិធប្រដាល់លំដាប់ប្រទេសនេះ គឺ សុទ្ធសឹងជាកីឡាករដែលមានកេរ្តិ៍ឈ្មោះលេចធ្លោយ៉ាងខ្លាំងនៅក្នុងវិស័យប្រដាល់។
សូមបញ្ជាក់ថា នេះជាការប្រកួតលើកដំបូងរបស់កីឡាករទិន ដិន ហៅ សែន រ៉ាដេត បន្ទាប់ពីផ្អាកសកម្មភាពឡើងសង្វៀនជិតមួយឆ្នាំ ដោយសារជាប់ភារៈហ្វឹកហាត់កីឡាវ៉ូវីណាមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម៕
អត្ថបទ ៖ គោព្រៃ