សោកស្តាយ ! ក្រុមកម្ពុជាចាញ់ម្ចាស់ផ្ទះ ឥណ្ឌា ០-២ ក្នុងជំនួបបើកឆាកពានរង្វាន់ AFC Asian Cup 2023

Detail Top Banner

ក្រុមកម្ពុជាបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ ឥណ្ឌា ដោយលទ្ធផល ០ទល់២ នៅក្នុងការប្រកួតជម្រុះ AFC Asian Cup ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌា កាលពីយប់ថ្ថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២។
នេះជាប្រកួតដំបូងរបស់ក្រុមកម្ពុជានៃវគ្គសន្សំពិន្ទុ ក្នុងពូល D វគ្គជម្រុះជុំទី៣ នៃពានរង្វាន់ទ្វីបអាស៊ី នៅប្រទេសចិន ឆ្នាំ២០២៣។ ២គ្រាប់របស់ម្ចាស់ផ្ទះ ឥណ្ឌាធ្វើសម្រេច នៅនាទី១៣ និងនៅនាទី៥៩ ដែលជ័យជម្នះនេះធ្វើឱ្យក្រុមឥណ្ឌាទទួលបាន៣ពិន្ទុ នៅក្នុងការប្រកួតដំបូងរបស់ខ្លួន។


ក្រុមកម្ពុជានឹងត្រូវបន្តប៉ះជាមួយក្រុមហុងកុង នាវេលាម៉ោង ១៨:៣០នាទី ថ្ងៃទី១១ ខែមិថុនា និង១ប្រកួតចុងក្រោយប៉ះជាមួយក្រុមក្រុមអាហ្វហ្កានីស្ថាន វេលាម៉ោង ១៨:៣០នាទី នាថ្ងៃទី១៤ ខែមិថុនា។ នេះជាការប្រកួតវគ្គចែកពូល ជុំទី៣ ដែលមាន៦ពូល ក្នុង១ពូលៗមាន៤ក្រុមស្មើៗគ្នា សរុប២៤ក្រុម។ ការប្រកួតជម្រុះនេះ គឺដើម្បីស្វែងរកក្រុមជ័យលាភី ដែលជាក្រុមចំណាត់ថ្នាក់លេខ១ ប្រចាំពូលទាំ៦ (៦ក្រុម) និងក្រុមលេខ២ល្អផ្តាច់គេ ចំនួន៥ក្រុម សរុប១៣ក្រុម ឡើងទៅប្រកួតជម្រុះជុំចុងក្រោយ នាឆ្នាំ២០២៣ នៅប្រទេសចិនជាមួយបេក្ខភាពខ្លាំងៗចំនួន១៣ក្រុមផ្សេងទៀត ប្រចាំទ្វីបអាស៊ី ដែលកំពុងរង់ចាំស្រាប់ ។ បេក្ខភាព១៣ក្រុម ដែលរង់ចាំនេះ គឺគិតទៅលើលទ្ធផលប្រកួតជម្រុះ FIFA WORLD CUP 2022 កន្លងមក។


ការប្រកួតនេះ ត្រូវបានសម្របសម្រួលឡើងវិញ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានចេញលលិខិតផ្លូវការសុំទោសកម្ពុជា ទាក់ទងនឹងការប្រើប្រាស់ទង់ជាតិកម្ពុជាខុសទម្រង់ ដោយខុសទាំងការរចនា និងពណ៌ សម្រាប់ព្រឹត្តិការណ៍ប្រកួតវគ្គជម្រុះ AFC Asian Cup ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌា។ លោក Shin Man Gil អគ្គលេខាធិការរងទទួលបន្ទុកការប្រកួត និងបាល់ទាត់ បានផ្ញើលិខិតសុំទោសដោយផ្ទាល់ទៅកាន់ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ពោលគឺមុនការប្រកួតប៉ុន្មានម៉ោងប៉ុណ្ណោះ។


ប្រតិកម្មនេះត្រូវបានធ្វើឡើងដោយឯកឧត្តម នាយឧត្តមសេនីយ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដោយព្រមានដកខ្លួនមិនចូលរួមប្រកួតនោះទេ ប្រសិនបើម្ចាស់ផ្ទះ និង AFC មិនព្រមចេញលិខិតសុំទោស (ទុកពេល៣ម៉ោង) ដោយពួកគេមិនបានខ្វល់អ្វីទាល់តែសោះ ចំពោះការទទួលក្រុមបាល់ទាត់កម្ពុជា ទាំងអាហារ ការស្នាក់នៅ រួមទាំងទង់ជាតិរបស់កម្ពុជាផងដែរ។ ភ្លាមៗនោះ AFC បានចេញលិខិតផ្លូវការបង្ហាញពីការសោកស្តាយ និងសូមការយោគយល់សម្របសម្រួលពីកម្ពុជា ហើយការប្រកួតនេះបានដំណើរជាធម្មតាឡើងវិញ៕

You might also like