អេលីត សេង ទ្រី រំពឹង៥០%គ្រងជើងឯកម៉ារ៉ាតុងលើកទី៣នៅកម្មវិធីប្រដាល់GANZBERNG ONESTRIKE
យុវជនថ្នាលអេលីត សេង ទ្រី អ្នកប្រដាល់គុនខ្មែរវ័យក្មេងមកពីខេត្តព្រៃវែង ដែលកំពុងសាងកំណត់ត្រាល្អប្រកួតឈ្នះច្រើនជាងចាញ់នៅលើសង្វៀនគុនខ្មែរតាមស្ថានីយ៍ទូរទស្សន៍នានា នៅថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២២ ខាងមុខនេះ នឹងបង្ហាញវត្តមាន នៅក្នុងកម្មវិធីប្រដាល់គុនខ្មែរGANZBERNG ONESTRIKE ដែលជាការប្រកួតដណ្តើមជើងឯកម៉ារ៉ាតុងក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
អេលីត សេង ទ្រី បានបញ្ជាក់ថា ការប្រកួតដណ្តើមជើងឯកម៉ារ៉ាតុង ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមនេះ មានសមាសភាពកីឡាករចំនួន៤រូប មានរូបគេ គ្រឿង សុវណ្ណឃីម ក្លិបគោព្រៃគុនខ្មែរ លន់ សៀកលាង ក្លិបថ្នាល់ទទឹងគុនខ្មែរ និងកីឡាករ សុវណ្ណឌឿន សុខលីម នរាយ៌តេជៈគុនខ្មែរ។ អេលីត សេង ទ្រី អះអាងថា បេក្ខភាពដែលត្រូវប៉ះជាមួយរូបគេ ក្នុងការប្រកួតជុំដំបូង គឺ កីឡាករ សុវណ្ណឌឿន សុខលីម ខណៈគ្រឿង សុវណ្ណឃីម ប៉ះ កីឡាករ លន់ សៀកលាង។
កីឡាករវ័យ១៨ឆ្នាំ អេលីត សេង ទ្រី បានពន្យល់ថា កីឡាករ៣រូបដែលមានឈ្មោះចូលរួមក្នុងការប្រជែងជើងឯកម៉ារ៉ាតុងនេះ គឺសុទ្ធសឹងជាកីឡាករគេធ្លាប់យកឈ្នះទាំងអស់ ប៉ុន្តែសម្រាប់ការប្រកួតគេមិនមើលស្រាលដៃគូប្រកួតឡើយ ព្រោះគេក៏ហាត់យើងក៏ហាត់។ អេលីត សេង ទ្រី បានគូបញ្ជាក់ថា សម្រាប់ការចូលរួមប្រជែងក្នុងការប្រកួតដណ្តើមជើងឯកម៉ារ៉ាតុងនេះ រូបគេសង្ឈឹមត្រឹម៥០%ប៉ុណ្ណោះថាបានគ្រង់ជើងឯកម៉ារ៉ាតុង។
សូមបញ្ជាក់ថា អេលីត សេង ទ្រី មានវ័យ១៨ឆ្នាំ ជាកីឡាករគុនខ្មែរថ្នាលដែលកំពុងសាងកំណត់ត្រាប្រកួតល្អជាង ដោយប្រកួត១៥ដងឈ្នះ១៤ដង ចាញ់មួយដងប៉ុណ្ណោះ និងគ្រងជើងឯកម៉ារ៉ាតុងបាន២លើក ខណៈលើកទី៣នឹងប្រកួតនៅថ្ងៃអាទិត្យទី១២ មិថុនា ឆ្នាំ២០២២ នៅស្ថានីយ៍ទូរទស្សន៍PNNកម្មវិធីប្រដាល់គុនខ្មែរGANZBERNG ONESTRIKE៕
អត្ថបទ៖ គោព្រៃ