ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងលើកទី១០ ទទួលបានការគាំទ្រខ្លាំងពីមហាជន ក្រោយខកខាន២ឆ្នាំ
ភ្នំពេញ៖ ក្រោយខកខាន២ឆ្នាំ ដោយសារបញ្ហាកូវីដ-១៩ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ា តុងអន្ដរជាតិ បានរៀបចំឡើងវិញហើយ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ដែលជាខួបលើកទី១០ នៃព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ ជាមួយសញ្ញាណដ៏ល្អ បន្ទាប់ពីទាក់ទាញកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណ ៥ពាន់នាក់ចូលរួម។
ពិធីបើក និងបិទបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC), ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាគ្គលេខាធិការ NOCC, ឯកឧត្តម កុល ប៊ុនលី រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង និងមានការចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ថោង ខុន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានប្រជាពលរដ្ឋ និងកីឡាករ-កីឡាការិនីជាតិ អន្ដរជាតិ ដែលបានចូលរួមព្រឹត្តិការណ៍នេះ ពិសេសគឺចូលរួមរត់ប្រណាំង ដើម្បីថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៦ យាងចូល ៨៧ ព្រះវស្សា ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ ហើយរត់ដើម្បីមនុស្សធម៌ រត់ដើម្បីទីក្រុងស្អាត រត់ដើម្បីសុខភាព និងរត់ដើម្បីស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការត្រឡប់មកវិញ នៃព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ មានអ្នកចុះឈ្មោះចូលរួមចំនួន ៣,៦២១នាក់ប៉ុណ្ណោះ តែអ្នកចូលរួមរត់ជាក់ស្ដែងប្រមាណ ៥,០០០នាក់។
ឯកឧត្តមបានចាត់ទុកថានេះគឺជាជោគជ័យ និងជាផ្លែផ្កាថ្មីមួយ បន្ទាប់ពីធូរស្រាលជំងឺកូវីដ-១៩ ដែលមានអ្នកចូលរួមដ៏ច្រើនបែបនេះ ពិសេសសន្ទុះអ្នករត់ចម្ងាយ ១០គីម៉ែត្រតែម្ដង ដែលស្ដែងចេញឲ្យឃើញនូវសុខភាពល្អរបស់ប្រជាពលរដ្ឋ ក៏ដូចជាយុវជន-យុវតីកម្ពុជា នាពេលបច្ចុប្បន្ន។ឯកឧត្តមអគ្គលេខាធិការបន្ដថា «នេះជាពេលវេលាមួយ ដែលបង្ហាញពីសុខសន្ដិភាព សុវត្ថិភាព នៃការរួចផុតពីជំងឺកូវីដ-១៩ ដោយសារយើងទទួលបានការចាក់វ៉ាក់សាំងទាំងអស់គ្នា បន្ទាប់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្វែងរកវ៉ាក់សាំង និងជំរុញឲ្យមានការចាក់ជូនពួកយើងទាំងអស់គ្នា។
គួរដឹងថា ក្នុងចំណោមអ្នករត់ខាងលើ ភាគច្រើនជាប្រជាពលរដ្ឋខ្មែរ ខណៈបរទេសភាគច្រើនជាជនបរទេសនៅកម្ពុជា ហើយមានប្រមាណ ១០% ប៉ុណ្ណោះ ដែលមកពីក្រៅប្រទេស។ ចំពោះលទ្ធផលនៃការរត់វិញ សម្រាប់វិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ ផ្នែកបុរស លេខ១ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា, លេខ២ កីឡាករកម្ពុជា ម៉ា វីរ៉ូ និងលេខ៣ កីឡាករជប៉ុន Ota Yugo ខណៈផ្នែកនារី លេខ១ កីឡាការិនីជប៉ុន Ota Natsuko លេខ២ កីឡាការិនីហុងកុង Lee Yin Ling និងលេខ៣ កីឡាការិនីជប៉ុន Fukunari Mizuki ។ចំណែកវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រ ផ្នែកបុរស លេខ១ បានទៅកីឡាករ Ayal Andarge មកពីប្រទេសអេត្យូពី លេខ២ កីឡាករកម្ពុជា កាំង ធឿន និងលេខ៣ កីឡាករកម្ពុជា អ៊ុក រ៉ូហ៊ីត គ្រាដែលផ្នែកនារី លេខ១ បានទៅកីឡាការិនីកម្ពុជា ធុន សុម៉ាវត្ដី, លេខ២ កីឡាការិនីកម្ពុជា អួន ច័ន្ទភត្រា និងលេខ៣ កីឡការិនីកម្ពុជា អេង មួយជីង ៕