្នាក់ដឹកនាំជាន់ ខ្ពស់ សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា ជួបជាមួយប្រធានសហព័ន្ធកានូ និងរ៉ូអ៊ីងអាស៊ីពិភាក្សាអំពីបច្ចេកទេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៣
ឯកឧត្តម ទៀ វិញ ឯកឧត្តម មាស សារិន អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និង ឯកឧត្តម ជា ប៊ុន ហេង អគ្គលេខាធិការ តំណាងដ៏ខ្ពស់ខ្ពស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានជួបពិភាក្សាជាមួយប្រធានសហព័ន្ធកីឡាទូកកានូអាស៊ី លោក ណា ណារីតា និង ប្រធានសហព័ន្ធកីឡាទូករ៉ូអ៊ីងអាស៊ី លោក ឆៃ ណារ៉ុង ។
ឯកឧត្តម ទៀ វិញ បានសម្តែងនូវប្រសាសន៍ស្វាគមនចំពោះវត្តមានរបស់ប្រធានសហព័ន្ធទាំងពីរនិងគណៈប្រតិភូដែលបានមកដល់ទឹកដីប្រទេសកម្ពុជា តបតាមការស្នើរសុំពី សហព័ន្ធកីឡាទូកានូ និងរ៉ូអ៊ីងកម្ពុជា ដើម្បីចុះត្រួតពិនិត្យមើលកន្លែងត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅដងព្រែក ខេត្ត កំពត។
ឯកឧត្តម បានបញ្ជាក់ទៀតថា វត្តមានអញ្ជើញមកដល់របស់អ្នកជំនាញនាពេលនេះ បានផ្តល់នូវទំនុកចិត្តខ្ពស់ចំពោះភាគីកម្ពុជាដែលជាម្ចាស់ផ្ទះ ខណៈដែលទីលានត្រៀមទទួលស្វាគមនភ្ញៀវមកប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ត្រូវបានវាយតម្លៃរួចរាល់។
ឯកឧត្តម មាស សារិន បានលើកឡើងថា បច្ចុប្បន្ននេះ ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ សហព័ន្ធបានកំពុងយកចិត្តទុកដាក់ និងបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី មន្ត្រីជំនាញ និងចៅក្រម អាជ្ញាកណ្តាល។ ប៉ុន្តែយ៉ាងណាការត្រៀមនេះ ក៏មិនអាចខ្វះបានពីការជួយឧបត្ថម្ភគាំទ្រពីសហព័ន្ធជំនាញអន្តរជាតិផងដែរ។
ឯកឧត្តម អនុប្រធាន បានស្នើរប្រធានសហព័ន្ធទូកអាស៊ីទាំងពីរ ជួយឧបត្ថម្ភនូវសម្ភារៈបច្ចេកទេស និងបញ្ជូនគ្រូបង្វឹកនិងមន្រ្តីជំនាញបញ្ជូនមកកម្ពុជា ធ្វើយ៉ាងណាជួយឲ្យការរៀបចំរបស់កម្ពុជាទទួលបានជោគជ័យ។ ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម បានស្នើរឲ្យសហព័ន្ធទាំងពីរ នាំយកកីឡាករកីឡាការិនីទៅហ្វឹកហាត់បំប៉នបន្ថែមជាមួយគ្រូជំនាញនៅក្រៅប្រទេស ដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣។ ជាការឆ្លើយតបនិងការស្នើរសុំរបស់ភាគីកម្ពុជា ក្នុងនាមជាសហព័ន្ធកីឡាទូកអន្តរជាតិ ប្រធានសហព័ន្ធទាំងពីរ នឹងយកការស្នើរសុំរបស់កម្ពុជាទៅសិក្សា និងធ្វើការឆ្លើយតបតាមក្រោយ ហើយ សន្យានឹងជួយជ្រុំជ្រែងកម្ពុជារៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឲ្យទទួលបានជោគជ័យ៕