ឯកឧត្តម វ៉ាត់ ចំរើន បន្តជាប់ជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បន្តអាណត្តិទី៧ឆ្នាំ២០២១-២០២៥

Detail Top Banner

ភ្នំពេញៈ សហព័ន្ធកីឡាចំបាប់កម្ពុជា នារសៀលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២២ បានរៀបចំមហាសន្និបាត នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបញ្ចប់អាណត្តិទី៦ ឆ្នាំ២០១៧-២០២១ និងបន្តអាណត្តិទី៧ឆ្នាំ២០២១-២០២៥។


នៅក្នុងសមាសភាពដឹកនាំ ដែលត្រូវផ្លាសប្តូសមាជិកប្រតិបត្តិមួយចំនួន តាមរយៈការបោះឆ្នោតជាមួយសំឡេងគាំទ្រ១០០ភាគរយពីអង្គមហាសន្និបាត ក្រោមការចូលរួមពីសំណាក់ឯកឧត្តម វ៉ាត់ ចំរើន និងមានការអញ្ជើញធ្វើជាសាក្សីពីសំណាក់ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា តំណាងក្រសួងអបរំយុវជន និងកីឡា ព្រមទាំងសមាគម និងក្លិបចំនួន៩៨មកពីទូទាំងប្រទេស។


ថ្លែងក្នុងឱកាសនោះឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖«មន្ត្រីនិងអ្នកបម្រើការងារក្នុងសហព័ន្ធកីឡាចំបាប់ភាគច្រើនជាកីឡាករដែលមានបទពិសោធផ្នែកកីឡាចំបាប់ស្រាប់ ហើយជាទិសដៅត្រូវពង្រឹងការងាររដ្ឋបាល ទំនាក់ទំនងការផ្សព្វផ្សាយ និងពង្រឹងបច្ចេកទេស។ បន្ថែមលើនេះដើម្បីដណ្តើមយកមេដាយឲ្យបានសម្រាប់ការប្រកួតស៊ីហ្គេម យើងត្រូវស្វែងរកការហ្វឹកហាត់នៅក្រៅប្រទេស និងស្វែងរកការជួយឧបត្ថម្ភគាំទ្រដល់សហព័ន្ធកីឡាចំបាប់របស់យើង»។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ប្រធាន ក៏បានអបអសាទចំពោះកញ្ញាកាង ណុចបវរ អគ្គលេខាធិការ ដែលជាប់ជាអគ្គលេខាធិការ នឹងបានផ្តាំផ្ញើអោយអគ្គលេខាធិការថ្មីរូបនេះ ត្រូវចេះធ្វើការជាក្រុម ដើម្បីអោយការងារប្រកបដោយរលូន និងទទួលបានជោគជ័យសម្រាប់ពេលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នៅកម្ពុជា។


ក្រោយពិធីបិទមហាសន្និបាតសហព័ន្ធលោក Casey Barnett(ខេ ស៊ីបានេត ) អនុប្រធានទី១ សហព័ន្ធកីឡាចំបាប់កម្ពុជា បានបង្ហើបពីផែនការចូលរួមការប្រកួតកម្រិតជាតិ និងអន្តរជាតិ ជាពិសេសការចេញទៅហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីសម្រួចគោលដៅក្នុងការអភិវឌ្ឍកីឡាចំបាប់ សម្រាប់ដំណើរឆ្ពោះទៅសម្រេចជោគជ័យ នាស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះលើកដំបូងជាប្រវត្តសាស្ត្រ ផងដែរ។
សូមបញ្ជាក់ថា សម្រាប់ក្បាលម៉ាស៊ីនដឹកនាំថ្មីក្នុងអាណាត្តិទី៧ ឆ្នាំ២០២១-២០២៥រួមមាន ៖ ឯកឧត្តម វ៉ាត់ ចំរើន ប្រធាន លោក Casey Barnett(ខេ ស៊ីបានេត ) អនុប្រធានទី១ លោក ហុក ឈាងគីម អនុប្រធានទី២ កញ្ញាកាង ណុចបវរ អគ្គលេខាធិការ លោក នរៈ យុទ្ធ អគ្គហេរញ្ញិក ខណៈលោកស្រី ចូវ សុធារ៉ា លោកកាង ដែនពិសិដ្ឋ លោក នុត សេរីដ្ឋា និងលោកយឹង សុផាណារ៉ា ជាសមាជិក ៕

You might also like