ឯកឧត្តម លី កុសល ៖ កំណើនចំនួនក្លឹបនិងអត្តពលិកបង្ហាញពីការរីកចម្រើននៃវិស័យកីឡាវាយសីនៅកម្ពុជា

Detail Top Banner

ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំឆ្នាំ២០២១ បានបិទបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីដំណើរការយ៉ាងស្វិតស្វាញរយៈពេល៣ថ្ងៃ។

បើតាមការបញ្ជាក់របស់គណៈកម្មការរៀបចំការប្រកួតបានអោយដឹងថា ការប្រកួតជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២១នេះ មានក្លឹប-សហគមចំនួន១៦បានចូលរួម ដោយមានប្រតិភូកីឡាសរុបមាន១៦៤នាក់ ក្នុងនោះកីឡាករ៨៨នាក់ កីឡាការិនី២៨នាក និងថ្នាក់ដឹកនាំកីឡា៤៨នាក់។ ការប្រកួតរបស់យើងគឺអនុវត្តតាមទម្រង់ទាំងស្រុងរបស់ការប្រកួតកីឡាជាតិ ដែលបានអនុវត្តតាមបទដ្ឋាននៃការប្រកួតស៊ីហ្គេម ដើម្បីឲ្យកីឡាករនិងមន្ត្រីរបស់យើងមានឱកាសបានត្រៀមលក្ខណៈសម្បត្តិជាបណ្ដើរៗ ឈានទៅធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាមានប្រសាសន៍ថា កំណើនចំនួនក្លឹបនិងកីឡាករ កីឡាការិនី បង្ហាញពីការរីកចម្រើននៃវិស័យកីឡាវាយសីនៅកម្ពុជា។ ប្រាកដណាស់ថាថ្នាក់ដឹកនាំតាមបណ្តាក្លឹប ខិតខំប្រឹងប្រែងជំរុញការងារហ្វឹកហាត់ ពង្រឹងជំនាញ ដល់កីឡាករ និងការងារគ្រប់គ្រង បង្កប្រភព ទើបកីឡាករ-ការិនីរបស់យើងថ្ងៃនេះ មានឱកាស និង សមត្ថភាពបង្ហាញនូវស្នាដៃ ព្រមទាំងទេពកោសល្យ ក្នុងការដណ្ដើមយកជ័យលាភីតាមវិញ្ញាសានីមួយៗ។

គួរបញ្ជាក់ថា ជ័យលាភីលើវិញ្ញាសាទាំង៧នេះរួមមាន៖ វាយឯកជនបុរសអាយុ១៩ឆ្នាំឡើង លេខ១ កីឡាករ ហេង ម៉េងលី ក្លិបក្រសួងមហាផ្ទៃ, វាយគូបុរសអាយុ១៩ឆ្នាំឡើង លេខ១ កីឡាករ ទេព ច័ន្ទម៉ារ៉ា ក្លិបក្រសួងមហាផ្ទៃ, វាយឯកត្តជនបុរសក្រោម១៨ឆ្នាំ លេខ១ កីឡាករ សុខ រីករាយ ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, វាយគូបុរសក្រោម ១៨ឆ្នាំ លេខ១ កីឡាករ ណៅ កនសុខរតនៈ ក្លិបពហុកីឡដ្ឋានជាតិ, វាយឯកត្តជននារី ក្រោម៨ឆ្នាំ លេខ១ កីឡាការិនី លឿង ម៉ាលីនិច្ច សម្ព័ន្ធវាយសីខេត្តបាត់ដំបង, វាយគូនារី១៩ឆ្នាំឡើង កីឡាការិនី ឡេង ដាវី និងភាន ចិន្តា មកពីសម្ព័ន្ធវាយសីខេត្តកំពង់ចាម និងវិញ្ញាសាវាយគូចម្រុះមិនិតអាយុ កីឡាករ ចេង ភារុំ និងកីឡាការិនី កែរ ពេជ្រឆរ៉ាវី មកពីក្លិបវាយសីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រៅពីនេះ ក៏មានជ័យលាភីលេខ២ និងលេខ៣ អមវិញ្ញាសាទាំង៧ផងដែរ៕

You might also like