tសិក្ខាកាម៣៣នាក់បញ្ចប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងមន្រ្តីបច្ចេកទេស កម្រិតអន្តរជាតិ ជាមួយលទ្ធផលល្អប្រសើរ

Detail Top Banner

មន្រ្តីបច្ចេកទេសសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ៣៣នាក់ នាល្ងាចថ្ងៃទី៦ កក្តដា ឆ្នាំ២០២២ បានបញ្ចប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងមន្រ្តីបច្ចេកទេស កម្រិតអន្តរជាតិ ដោយជោគជ័យ បន្ទាប់ពីសិក្សាអស់រយៈពេល៥ថ្ងៃ នៅសាលប្រជុំអគារមជ្ឈមណ្ឌលកីឡា ខាងត្បូងអាងហែលទឹក ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។


លោក ជា សែនវិស្សុត អគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ ពី ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីស កម្ពុជា និងជា ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសអាស៊ីអាគ្នេហ៍ សហព័ន្ធ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងមន្រ្តីបច្ចេកទេស កម្រិតអន្តរជាតិ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២២ នៅសាលប្រជុំអគារមជ្ឈមណ្ឌលកីឡា ខាងត្បូងអាងហែលទឹក ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពធនធានអាជ្ញាកណ្តាល និងមន្រ្តីបច្ចេកទេសឲ្យក្លាយជាស្តង់អន្តរជាតិ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។


អគ្គលេខាធិការខាងលើ បានបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលនេះ បង្ហាត់បង្រៀន ដោយលោក CHIN KHIAM KONG ជនជាតិម៉ាឡេស៊ីនិងលោក GIOVANNI MAMAWAL ជនជាតិហ្វីលីពីន បានសិក្សាអំពី – បទបញ្ជានៃការប្រកួត – បុគ្គលិកលក្ខណៈអាជ្ញាកណ្តាលកាត់សេចក្តី និងខ្សែបន្ទាត់- ការប្រជុំគណៈកម្មការបច្ចេកទេសមុនពេលប្រកួត- ការចាប់ឆ្នោតចែកពូលប្រកួត – ទម្រង់ក្រដាសដាក់ពិន្ទុ (Score Sheet)- របៀបដាក់ពិន្ទុ និងបូកហ្គេម- ទ្រឹស្តីអំពីរបៀបមើលបាល់ចេញ-ចូល – ការអនុវត្តផ្ទាល់នៅលើទីលាន។ជាលទ្ធផលការសិក្សារយៈពេល៥ថ្ងៃនេះ ការវាយតម្លៃពីគ្រូបង្វឹកប្រចាំវគ្គ សិក្ខាកាម ល្អ ៨០% ល្អបង្គួរ១០% និង ក្រោមមធ្យម ១០% ។


ឯកឧត្តម ជា ប៊ុនហេង បានសូមពរឲ្យសិក្ខាកាមដែលចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងមន្រ្តីបច្ចេកទេស កម្រិតអន្តរជាតិនេះ សូមយកចំណេះដឹងដែលទទួលបានទៅអនុវត្តប្រកបដោយប្រសិទ្ធិភាព និងគុណភាព ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសត្រៀមប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចុងឆ្នាំ ២០២២នេះ និងព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នាពេលខាងមុខនេះ ។ ជាមួយគ្នានេះដែរ ឯកឧត្តម ប្រធានសហព័ន្ធ បានសូមណូមពរ សិក្ខាកាមទាំងអស់ យកចំណេះទទួលបាននេះ ទៅប្រើប្រាស់ប្រកបដោយក្រមសិល៍ធម៍ខ្ពស់ក្នុងការកាត់ក្តីក្នុងព្រឹត្តិការណ៍ប្រកួតនានា ទាំងការប្រកួតថ្នាក់ជាតិនិងអន្តរជាតិ៕

You might also like