ក្រសួងមហាផ្ទៃត្រៀម6 ប្រភេទកីឡាចូលរួមព្រឹត្តិការណ៍ World Police នៅហូឡង់
ភ្នំពេញ៖ ឯកឧត្តម ជា ប៊ុនហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកដឹកនាំអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំជាមួយប្រតិភូគ្រូបង្វឹក ស្តីពីការត្រៀមចូលរួមព្រឹត្តិការណ៍ប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី១៩ ឆ្នាំ២០២២ The 19th World Police and Fire Games 2022 នៅទីក្រុង Rotterdam ប្រទេសហូឡង់ ដែលនឹងឈានចូលមកដល់ឆាប់ៗខាងមុខនេះ។ កិច្ចប្រជុំនេះផ្តោតជាសំខាន់លើផែនការនៃការចុះឈ្មោះចូលរួមក្នុងការប្រកួតតាមវិញ្ញាសានីមួយៗ។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម បានក្រើនរម្លឹកដល់កីឡាករ កីឡាករិនីទាំងអស់ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ ជាពិសេសត្រូវបន្កើនការហ្វឹកហាត់ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីប្រជែងយកមេដាយពីព្រឹត្តិការណ៍២ឆ្នាំម្តងកម្រិតពិភពលោកមួយនេះ។
គួរជម្រាបជូនថា ក្រោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង្គភាពកីឡានគរបាលជាតិ បានសម្រេចបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចំនួន២២រូប លើ០៦ប្រភេទកីឡា ឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍ប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី១៩ ឆ្នាំ២០២២ The 19th World Police and Fire Games 2022 នៅទីក្រុង Rotterdam ប្រទេសហូឡង់។
វិញ្ញាសាទាំង០៦ប្រភេទ រួមមាន៖ តេក្វាន់ដូWT វាយសី វាយកូនឃ្លីលើតុ ចំបាប់ យូដូ និងការ៉ាតេ។ បេសកកម្មចូលរួមឆ្នាំនេះ ដឹកនាំផ្ទាល់ដោយ ឯកឧត្តម ជា ប៊ុនហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកដឹកនាំអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។ ប្រតិភូ គ្រូបង្វឹក រួមនឹងកីឡាករ កីឡាករិនី នឹងចេញដំណើរពីកម្ពុជានៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ៕