កម្ពុជាសម្រេចបញ្ជូន៥ប្រភេទកីឡាចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសកលវិទ្យាល័យអាស៊ានលើកទី២០ ឆ្នាំ២០២២
ឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជននិងកីឡា និងអគ្គលេខាធិការរងសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា បានថ្លែងបញ្ជាក់ប្រាប់អ្នកព័ត៌មានទូរទស្សន៍អប្សរា កាលពីថ្ងៃម្សិលមិញថា ព្រឹត្តិការណ៍ប្រកួតកីឡាសកលវិទ្យាល័យលើកទី២០ ឆ្នាំ២០២២ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ដំណើរការប្រកួតពីថ្ងៃទី២៦ ខែ កក្តដា ដល់ថ្ងៃទី៦សីហា ឆ្នាំ២០២២ខាងមុខនេះ កម្ពុជាបានសម្រេចបញ្ជូនប្រតិភូចូលរួមចំនួន៤៨រូប លើ៥ប្រភេទកីឡាសក្តានុពល មានដូចជា អត្តពលកម្ម ការ៉ាតេ ប៉េតង់ តេក្វាន់ដូWT និង គុនដាវ ។
ឯកឧត្តម បញ្ជាក់ថា អត្តពលិកទាំង៥ប្រភេទកីឡានេះ គឺសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា បានផ្តល់អទិភាពជូនសហព័ន្ធសមីជាអ្នកជ្រើសរើសដោយផ្ទាល់ខ្លួនឯងផ្ទាល់ ដោយកំណត់យកតែអត្តពលិកដែលកំពុងសិក្សានៅក្នុងគ្រឹះស្ថានឧត្តមសិក្សាប៉ុណ្ណោះ ដែលជាជ័យលាភីចំរាញ់ចេញពីការប្រកួតកីឡាឧត្តមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ក្នុងឆ្នាំ២០២២ ទើបតែបញ្ចប់កាលពីពេលថ្មីកន្លងទៅនេះ។
អគ្គលេខាធិការរងរូបនេះ បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យអាស៊ានលើកទី២០នេះ មានប្រទេសចូលរួមចំនួន១១ក្នុងតំបន់អាស៊ាន បានរៀបចំឡើងក្នុងគោលបំណងបំផុសចលនាឲ្យនិស្សិតក្នុងកម្រិតឧត្តមសិក្សាចូលរួមលេងកីឡា ដើម្បីសុខភាព និងការីកចំរើនផ្នែកបញ្ញាស្មារតី ពិសេស បង្កើតការជួបជុំគ្នារៀងរាល់២ឆ្នាំម្តង ដើម្បីបង្កើតបរិយាកាសសន្តិភាពនិងមិត្តភាពសាមគ្គីភាព
ប្រាស្រាយទំនាក់គ្នាឲ្យកាន់តែស្អិតរមួតរវាងនិស្សិតទាំង១១ប្រទេសក្នុងតំបន់អាស៊ាន។ ជាមួយគ្នានេះដែរ សម្រាប់កម្ពុជា យកឱកាសចូលរួមក្នុងព្រឹត្តិការណ៍មួយនេះ ជាការដុះខិតសមត្ថភាពនិស្សិតដែលជាកីឡាជំនាញ ត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
គួររំលឹកថា ព្រឹត្តិការណ៍ប្រកួតកីឡាសកលវីទ្យាល័យអាស៊ានលើកទី២០ គ្រោងរៀបចំនៅប្រទេសហ្វីលីពីនក្នុងឆ្នាំ២០២០ ប៉ុន្តែដោយសាតែវិបត្តិជំងឺគូវីដ១៩ ក៏អាក់ខាកវិញ ហើយក៏ផ្ទេទៅកាន់ប្រទេសថៃទទួលរៀបចំវិញ ឆ្នាំ២០២២ ដោយកម្ពុជាជាស្នើរសុំកាលពីកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសកលវិទ្យាអាស៊ានក្នុងឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍សកលវិទ្យាល័យអាស៊ានលើកទី២០នេះ មានប្រទេសចូលរួមចំនួន១១ក្នុងតំបន់អាស៊ានលើកទី២០ រៀបចំនៅខេត្ត អ៊ូប៊ុនរ៉ាឆានី ប្រទេសថៃដំណើរការប្រកួតពីថ្ងៃទី២៦ ដល់ថ្ងៃ ទី៦សីហា ឆ្នាំ២០២២ ដោយមាន២៣ប្រភេទកីឡាដាក់ឲ្យប្រកួតប្រជែង ហើយ សម្រាប់កម្ពុជាបញ្ជូនតែ៥ប្រភេទកីឡាសក្តានុពលចូលរួមប៉ុណ្ណោះ៕