សហព័ន្ធជាតិដែលមាននៅក្នុងបញ្ជីទាំង៤២ប្រភេទកីឡាត្រូវរៀបចំខ្លួនឲ្យគ្រប់ជ្រុងជ្រោយ ដើម្បីឧត្តមភាពស៊ីហ្គេមឆ្នាំ២០២៣
សហព័ន្ធកីឡាជាតិទាំង៤២ប្រភេទកីឡា ដែលបានសម្រេចនិងអនុម័ត ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ជាប្រភេទកីឡាចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវតែត្រៀមខ្លួនឲ្យរួចរាល់និងគត់មុតបំផុត ក្នុងទិសដៅឆ្ពោះទៅចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឲ្យទទួលបានជោគជ័យ។
នេះជាប្រសាសន៍ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការជាតិ CAMSOC និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងប្រាប់អ្នកព័ត៌មាន ក្រោយបញ្ចប់ កិច្ចប្រជុំជាមួយក្បាលម៉ាស៊ីន សហព័ន្ធកីឡាជាតិ កាលពីល្ងាចថៃទី១៨ ខែ កក្តដា ឆ្នាំ២០២២ នៅទីស្នាការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ឯកឧត្តម បានគូសបញ្ជាក់ថា កិច្ចប្រជុំដែលប្រព្រឹត្តិទៅនេះ គ្រប់សហព័ន្ធកីឡាជាតិទាំង៤២ប្រភេទកីឡា ដែលបានសម្រេចអនុម័តរួចរាល់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ជាប្រភេទកីឡាមាននៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ យើងបានជំរុញដាស់តឿដល់ពួកគេឲ្យត្រៀមខ្លួនឲ្យបានរៀបរយ និងបែងចែកភារៈកិច្ចបំពេញការងារឲ្យបានច្បាស់លាស់ និងគតមុតបំផុត ដើម្បីបន្តរៀបចំយុទ្ធសាស្រ្តឲ្យកាន់តែស៊ីជម្រៅនៅក្នុងផែនការបច្ចេកទេសឈានទៅសម្រេចឧត្តមភាពក្នុងការប្រកួតកីឡាស៊ីហ្គេម។
ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា ក្រៅពីកិច្ចជុំណែនាំផែនការក្នុងការត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម កិច្ចប្រជុំនេះក៏បានផ្តោតសំខាន់ក្នុងការជំរុញឲ្យសហព័ន្ធកីឡាជាតិដែលមាន១២ប្រភេទកីឡាត្រូវបញ្ជូនទៅហ្វឹកហាត់សាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីត្រៀមស៊ីហ្គេម ត្រូវត្រៀមខ្លួននឹងរៀបចំសមាសភាពកីឡាករកីឡាការិនីគ្រូបង្វឹកឲ្យបានច្បាស់លាស់ ធ្វើយ៉ាងឲ្យការបញ្ជូនទៅហ្វឹកហាត់ត្រលប់មកវិញកើនឡើងសិទ្ធិផលខ្ពស់ និងមានគុណភាពប្រជែងដណ្តើមបានមេដាយជូនកម្ពុជា ។
សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ គណៈកម្មាធិការបានសម្រេចការកំណត់ប្រភេទកីឡា គឺមានកីឡា ៤២ប្រភេទ ក្នុងនោះមានប្រភេទកីឡាសម្ដែងមួយ គេហៅថា Demonstration Sports ដែលត្រូវបានធ្វើការសម្រេច និងសម្របសម្រួលគ្នា ក្នុងការដាក់ចូលក្នុងការប្រកួតស៊ីហ្គេម ២០២៣ដែរ ខណៈដែល៥ប្រភេទកីឡាទៀតស្ថិតជាកីឡាបំរ៉ុង៕