គិតត្រឹមល្ងាចនេះ អត្តពលិកកាយសម្ព័ន្ធកម្ពុជា ដណ្តើមបានមេដាយ៣គ្រឿង ពីការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ីលើកទី៧ នៅប្រទេសថៃ

Detail Top Banner

ភ្នំពេញ ៖ បើតាមការបញ្ជាក់របស់លោកណយ ផាណា ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាតាមប្រព័ន្ធតេលេក្រាម បានអោយដឹងថា គិតត្រឹមល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២នេះ អត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជា ដណ្តើមបានមេដាយសរុប ៣គ្រឿងហើយ ពីការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ីលើកទី៧ ( Asian Aerobic championships) នៅប្រទេសថៃ។


លោកណយ ផាណា បានអោយដឹងថា សម្រាប់មេដាយដែលអត្តពលិកកម្ពុជាដណ្តើមបាន ក្នុងនោះមេដាយប្រាក់ ដំបូងរកបានលើវិញ្ញសាគូរដោយ កីឡាករ ស៊្រាន វួចទ្រី ចាប់ដៃគូរជាមួយ កីឡាការិនី ឈួន ស្រីនាត ចំណែកមេដាយសំរឹទ្ធ រកបានលើវិញ្ញាសា ទ្រីយ៉ូដោយ កីឡាករ ស៊្រាន វួចទ្រី , កីឡាការិនី ឈួន ស្រីនាត និងកីឡាការិនី ច្រឹង ចាន់ត្រា ដែលប្រកួតក្នុងកម្រិតអាយុក្រោម១៥ ឆ្នាំ រីឯមេដាយប្រាក់១គ្រឿងបន្ថែមទៀតដណ្តើមបានដោយក្រុមកីឡាការិនី អាយុក្រោម ១៨ ឆ្នាំ មានដូចជា កីឡាការិនី ឌឹម អ៊នធីតា , កីឡាការិនី ណេម សុខហេង , កីឡាការិនី ស៊ីវ ចន្ថា , កីឡាការិនី សួស ស្រីពៅ , កីឡាការិនី ឈួន សុវណ្ណបញ្ញា ខណៈមេដាយមាសមិនទាន់ដណ្តើមបាននៅឡើយនោះទេ ។


សូមរំលឹកផងដែលថា កាលពីពេលចេញទៅចូលរួមព្រឹត្តិការណ៍ប្រកួតនៅប្រទេសនេះ លោកណយ ផាណាក៏ធ្លាប់បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា បើទោះបីជាព្រឹត្តិការណ៍ប្រកួតលើកនេះមានកីឡាករ-កីឡាការិនី ដែលមកពីប្រទេសខ្លាំងៗចូលរួមច្រើន ដូចជា ប្រទេសជប៉ុន ប្រទេសអ៊ីរ៉ង់ កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃ និងប្រទេសវៀតណាមយ៉ាងណាក្តី ប៉ុន្តែរូបលោកនៅតែមានសង្ឃឹមជានិច្ចក្នុងការដណ្តើមមេដាយជូនជាតិ មិនថាមេដាយកម្រិតណាក៏ដោយក្នុងចំណោមមេដាយ (មាស ប្រាក់ និងសំរិទ្ធ) ។


សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ីលើកទី៧ ឆ្នាំ២០២២ ( Asian Aerobic championships) នៅប្រទេសថៃនេះ មានចំនួន១៣វិញ្ញាសាដាក់អោយប្រកួតដោយមានក្រុមកីឡាករ-កីឡាការិនីមកពីបណ្តាលប្រទេសនានាសរុប ២៩៥នាក់ចូលរួមប្រកួត ដែលបានចាប់ដំណើរការប្រកួតតាំងពីថ្ងៃទី៣១ ខែសីហា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២២ ។ ក្នុងនោះដែលសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជូនប្រតិភូកីឡាចំនួន១៨ នាក់ រួមមានចៅក្រមអន្តរជាតិ ២ នាក់គ្រូបង្វឹក និងគ្រូជំនួយ៣នាក់ ព្រមទាំងកីឡាករ-កីឡាការិនី១៣នាក់ក្នុងនោះកីឡាការិនី៨នាក់ ៕

You might also like