CAMSOC បើកកិច្ចប្រជុំ សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នាអំឡុងខែតុលាខាងមុខ
ភ្នំពេញ៖ ឯកឧត្តមវ៉ាត់ ចំរើន បានដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការជំនាញនានារបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) ដើម្បីត្រៀមលក្ខណៈអោយបានគ្រប់ជ្រុងជ្រោយ ក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ នាអំឡុងខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។
ថ្លែងក្រោយកិច្ចប្រជុំត្រៀមមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc បានមានប្រសាសន៍ថា ក្នុងនាមអនុប្រធានប្រចាំការរបស់គណៈកម្មការរៀបចំមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី លើកទី៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានសេចក្ដីសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មាធិការជាតិ CAMSOC គឺបានផ្ដល់នូវតួនាទីភារកិច្ច នៃការទទួលខុសត្រូវរៀបចំនេះបានរួចរាល់អស់ហើយ ហើយគណៈកម្មការជំនាញទាំងអស់ ក្នុងការរៀបចំនេះ គឺទទួលបានព័ត៌មានជាក់លាក់ច្រើនហើយ។ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់បន្ថែមថា«មហាសន្និបាត OCA នេះនឹងមាន៤៥ប្រទេសចូលរួម ដែលជាចលនាអូឡាំពិកក្នុងទ្វីបអាស៊ី ហើយនឹងមានចលនាអូឡាំពិកនៅក្រៅទ្វីបអាស៊ីជាច្រើនទៀត ដែលមកពីអូឡាំពិកអន្ដរជាតិ ក៏ដូចជាអង្គការកីឡាធំៗ ក៏នឹងចូលរួមផងដែរ។
ដូច្នេះ នៅក្នុងរង្វង់ពី ៣០០ ទៅ ៤០០នាក់នេះ គឺថា កម្ពុជាយើងនឹងមានមោទនភាព ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដើម្បីលើកកម្ពស់កិត្យានុភាពជាតិរបស់យើង ដើម្បីបង្ហាញអំពីស្ថានភាពពិត និងសក្ដានុពលរបស់ជាតិរបស់យើង និងស្ថានភាពកម្ពុជា ដែលកំពុងរស់នៅក្នុងសន្ដិភាព និងការអភិវឌ្ឍនេះ ទៅដល់ប្រទេសទាំងអស់ ដែលបានចូលរួម»។តាមគម្រោង មហាសន្និបាតជាលើកដំបូងសម្រាប់កម្ពុជា គឺសុទ្ធតែមានការចូលរួមពីឥស្សរជនកីឡា និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្ដាប្រទេសទាំងអស់ ដែលមកចូលរួម។ នេះញគឺជាឱកាសដ៏ល្អ ដែលឲ្យពួកគាត់នឹងស្គាល់កម្ពុជា និងបានឃើញការរីកចម្រើនរបស់កម្ពុជា ហើយបានទទួលការគាំទ្រ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ថែមទៀត ដោយទាំងនេះ គឺជាផលចំណេញដល់ការរៀបចំរបស់កម្ពុជា។
សូមបញ្ជាក់ កម្ពុជានឹងត្រូវទទួលរៀបចំធ្វើម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ពីថ្ងៃទី០១ដល់ទី០៥ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះនៅសណ្ឋាគារសុខាភ្នំពេញ។