ប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ជំរុញឲ្យរាជធានី-ខេត្ត ចាត់តាំងអភិបាលរងម្នាក់ ធ្វើការជាក់លាក់ជាមួយ CAMSOC
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២២ ខែកញ្ញានេះ បានរៀបចំកិច្ចប្រជុំរួមមួយ ដើម្បីបូកសរុបវឌ្ឍនភាពការងារ រយៈពេល៩ខែដើមឆ្នាំ២០២២ និងទិសដៅយុទ្ធសាស្រ្ដសំខាន់ៗអនុវត្តបន្ដ នៅទីស្ដីការក្រសួងការពារជាតិ។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC។សម្ដេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំកិច្ចប្រជុំប្រកបដោយជោគជ័យ និងដំណើរការដោយរលូន ដែលធានាបាននូវសុវត្ថិភាពខ្ពស់ ក្នុងការដឹកនាំគ្រប់គ្រងដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ចំពោះគណៈកម្មការជំនាញនីមួយៗ ក៏បានធ្វើសេចក្តីរាយការណ៍យ៉ាងជាក់លាក់ នូវការងាររបស់ខ្លួន ក៏ដូចជាដាក់ចេញនូវសំណើ និងសំណូមពរមួយចំនួន ដើម្បីឲ្យរួមគ្នាដោះស្រាយផងដែរ។ឆ្លៀតឱកាសនោះ សម្ដេចពិជ័យសេនាប្រធាន បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីជំរុញ និងពង្រឹងសកម្មភាពការងារកាន់តែមានប្រសិទ្ធភាព។
ជាពិសេស សម្ដេចបានជំរុញឲ្យរាជធានី-ខេត្តទាំងអស់ ត្រូវរៀបចំអភិបាលរងម្នាក់ ដើម្បីធ្វើការជាក់លាក់ជាមួយគណៈកម្មាធិការជាតិ CAMSOC ក្នុងយុទ្ធនាការជាតិ ដែលបានដាក់ចេញ នាពេលកន្លងមក។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំខាងលើ។ឯកឧត្តមមានប្រសាសន៍ថា៖ «គណៈកម្មាធិការជាតិ CAMSOC មានការវាយតម្លៃខ្ពស់ នូវវឌ្ឍនភាពការងារហើយ តែក៏នៅមានបញ្ហាប្រឈមមួយចំនួនដែរ រួមទាំងការងារត្រូវធ្វើបន្ដ។ ក្នុងនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានផ្ដល់អនុសាសន៍ណែនាំមួយចំនួន ហើយចំណុចដែលសំខាន់ គឺសម្ដេចបានឲ្យរាជធានី-ខេត្ត ដែលជារដ្ឋបាលដែនដីទទួលបន្ទុកគាំទ្រដល់ស៊ីហ្គេម ត្រូវរៀបចំជាក់លាក់អំពីការទទួលខុសត្រូវរបស់រាជធានី-ខេត្ត និងរៀបចំអ្នកទទួលខុសត្រូវជាអភិបាលរងម្នាក់ ដើម្បីធ្វើការជាមួយ CAMSOC ឲ្យមានភាពច្បាស់លាស់ ហើយទទួលបាននូវការទទួលខុសត្រូវ និងបំពេញបានតាមភារកិច្ចការងារ ដែល CAMSOC បំផុសឲ្យមានយុទ្ធនាការជាតិទូទាំងប្រទេស»។លើសពីនេះ សម្ដេចពិជ័យសេនា បានសង្កត់ធ្ងន់ទៅលើការប្រមូលផ្ដុំកម្លាំង មកធ្វើការក្នុងមជ្ឈមណ្ឌលប្រតិបត្តិការរួម ដែលគ្រោងបើកដំណើរការចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ កម្លាំងទាំងអស់ មកពីគ្រប់ក្រសួង-ស្ថាប័ន និងអង្គភាពមួយចំនួន ត្រូវប្រមូលផ្ដុំធ្វើការរួមគ្នា សម្រេចជាមួយគ្នា និងអនុវត្តជាមួយគ្នា ដើម្បីពង្រឹងបាន នូវប្រសិទ្ធភាពការងារ និងធានាបាន នូវការដឹកនាំគ្រប់គ្រងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ឲ្យទទួលបានជោគជ័យ។
មួយវិញទៀត សម្ដេចពិជ័យសេនា បានជំរុញឲ្យរៀបចំយន្ដការច្បាស់លាស់ លើការងារថវិកា ទាំងចំណាយ និងចំណូល ដោយមានគម្រោងស្នើសុំ និងកិច្ចសន្យាទាំងអស់។ ពិសេស ត្រូវមានការផ្ទៀងផ្ទាត់ពីគុណភាព និងផលិតផលត្រឹមត្រូវ ដើម្បីជាគោល និងធានាបាននូវតម្លាភាព គណនីយភាព សុចរិតភាព ក្នុងការប្រើប្រាស់ថវិកាជាតិ។ នេះគឺជាការដាស់តឿនក្រើនរំឭក ដល់គណៈកម្មការជំនាញទាំងអស់ ក៏ដូចជាស្ថាប័ននានាថា រាល់ការចំណាយគឺត្រូវតែមានការផ្ទៀងផ្ទាត់ច្បាស់លាស់ និងមានការទទួលខុសត្រូវទាំងអស់គ្នា។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម។
ឯកឧត្តមបន្ដថា៖ «ក្នុងនាមអគ្គលេខាធិការដ្ឋាន ពិសេសក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ តែងតែជំរុញហើយជំរុញទៀត និងផ្ដល់នូវគតិបណ្ឌិតល្អៗ ដើម្បីដោះស្រាយបញ្ហា។ អ៊ីចឹងថ្ងៃនេះ គឺជាថ្ងៃពិសេសមួយទៀតរបស់គណៈកម្មាធិការជាតិ CAMSOC ដែលស្ដែងចេញនូវសមិទ្ធផលការងាររបស់ខ្លួន ហើយបានដោះស្រាយរាល់បញ្ហាសេសសល់ ពាក់ព័ន្ធនឹងការរាំងស្ទះរបស់ CAMSOC បានយ៉ាងរលូន ហើយមានឆន្ទៈទាំងអស់គ្នា ក្នុងការរួមជាមួយការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយគុណធម៌របស់សម្ដេចពិជ័យសេនាប្រធាន គឺយើងសង្ឃឹមថា ការងារនេះ នឹងទទួលបានជោគជ័យ នៅក្នុងដំណើរវិវឌ្ឍ របស់ខ្លួន ក្នុងដំណាក់កាលចុងក្រោយនេះ»។ឯកឧត្តមសង្កត់ធ្ងន់ថា មកទល់ពេលនេះ កម្ពុជាហាក់ចូលដល់ដំណាក់កាលចុងក្រោយ នៃការរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ហេតុនេះ អ្វីៗត្រូវរួចរាល់ ដើម្បីផ្ដល់នូវទំនុកចិត្ត ដល់ការទទួលបដិសណ្ឋារកិច្ចប្រតិភូកីឡាទាំងអស់ ដែលមកពីគ្រប់ទិសទី មិនត្រឹមតែបណ្ដាប្រទេសអាស៊ីអាគ្នេយ៍នោះទេ គឺមកពីប្រទេសគ្រប់ទ្វីបទាំងអស់ ដែលនឹងមកជួយរៀបចំកម្ពុជា។ ក្នុងនោះ សម្ដេចបានជំរុញឲ្យសម្រេចឲ្យខាងតែបាននូវយុទ្ធនាការជាតិទាំង៥ រួមមានយុទ្ធនាការ កម្ពុជាស្អាត, បដិសណ្ឋារកិច្ចល្អ, ប្រជាជនម្នាក់លេងកីឡាមួយមុខប្រចាំជីវិត, កីឡារស់ក្នុងសន្ដិភាព, ឆ្នាំទស្សនាកម្ពុជា២០២៣, កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយគ្រឿងញៀន៕
ប្រភពរូបភាព ៖ Cambodia 2023