ឯកឧត្ដមបណ្ឌិត ថោង ខុន ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតចំពោះការលះបង់ សម្រាប់ចលនាអូឡាំពិក

Detail Top Banner

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC បានទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ខ្សែកមាស» ពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) គឺដើម្បីជាកិត្តិយសចំពោះការលះបង់របស់ឯកឧត្តមសម្រាប់ចលនាអូឡាំពិក និងជំរុញឲ្យកីឡារីកចម្រើនរហូតទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ គឺកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី ឆ្នាំ២០២៩នៅកម្ពុជា។បន្ទាប់ពីទទួលបានមេដាយនេះ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា ជាមេដាយដែលបានផ្ដល់កិត្តិយសយ៉ាងក្រៃលែងដល់កម្ពុជា។

បន្ថែមលើសពីនេះក៏ជាមេដាយ សម្រាប់ការផ្ដល់កិត្តិយសដល់កីឡាករ កីឡាការិនី គ្រូបង្វឹក សហព័ន្ធកីឡាជាតិ និងក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ ព្រមជាមួយនោះក៏ជាកិត្តិយសរាល់ការចូលរួមពីចលនាអូឡាំពិកទាំងអស់ ដែលបានគាំទ្រចលនាអូឡាំពិកនៅកម្ពុជា។ជាមួយគ្នានេះ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មការជាតិអូឡាំពិកកម្ពុជា ( NOCC) ក៏បានចូលរួមអបអរសាទរដល់ការទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់ ដល់ឯកឧត្តមបណ្ឌិត ថោង ខុន ដែលបានលះបង់ទាំងកម្លាំងកាយចិត្តក្នុងការចូលរួមគ្រប់ចលនាអូឡាំពិក ក៏ដូចជាសកម្មភាពកីឡាកន្លងមក។

ការទទួលបានគ្រឿងឥស្សរិយយសរបស់ឯកឧត្ដមបណ្ឌិត ធ្វើឡើងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី នៅថ្ងៃទី០៤ ខែតុលានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ មហាសន្និបាតនេះដែរ មានឥស្សរជន និងថ្នាក់ដឹកនាំចលនាកីឡាអូឡាំពិកអាស៊ី និងអន្ដរជាតិប្រមាណ ៤០០នាក់ មកពី ៥៥ប្រទេសជុំវិញពិភពលោកចូលរួម ក្នុងនោះមានប្រតិភូមកពីបណ្តាប្រទេសក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចំនួន ៤៥ប្រទេស គឺជាព្រឹត្តិការណ៍ដ៏មានសំខាន់សម្រាប់ការជជែកពិភាក្សាលើព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី និងធ្វើឡើងជារៀងរាល់ឆ្នាំ៕

You might also like