ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសថ្មី ប្តេជ្ញាដឹកនាំសហព័ន្ធសម្រេចជោគជ័យស៊ីហ្គេម-២០២៣

Detail Top Banner

(ភ្នំពេញ)៖ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានរៀបចំមហាសន្និបាតបូកសរុបការងារឆមាសទី១ បន្តអនុវត្តការងារឆមាសទី២ លើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៣ និងកែសម្រួលសមាសភាពគណៈកម្មាធិការប្រតិបត្តិសហព័ន្ធសម្រាប់ដឹកនាំក្នុងអាណត្តិទី៣ ឆ្នាំ២០២២-២០២៦ ក្រោយប្រធានសហព័ន្ធ អាណត្តិចាស់ឯកឧត្តម ជា ប៊ុនហេង បានលាឈប់។


ដែលអង្គមហាសន្និបាតនេះ បានសម្រេចជាឯកច្ឆ័ន ដោយការលើកដៃគាំទ្រទាំងស្រុងទទួលស្គាល់ឯកឧត្តមប្រាក់ ផល្លា ដែលជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី អោយធ្វើជាប្រធានថ្មីសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ក្នុងអាណត្តិទី៣ ឆ្នាំ២០២២-២០២៦ និងមានការចូលរួមធ្វើជាសាក្សីពីសំណាក់លោក ហួត សេងទ្រី តំណាងក្រសួងអប់រំ យុវជននិងកីឡា និងតំណាង NOCC នៅអគាគណកម្មការជាតិអូឡាំពិកកម្ពុជា កាលពីចុងសប្តាហ៍ ។
នៅក្នុងឱកាសនោះលោក ជា សែនវិស្សុត អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីស បានបូកសរុបលទ្ធផលការងារ ដែលសម្រេចបានជោគជ័យជាច្រើន ទាំងនៅលើឆាកជាតិ និងអន្តរជាតិនាពេលកន្លងមក តាំងពីសហព័ន្ធកកើតឡើងដំបូង រហូតមកដល់បច្ចុប្បន្ន ។


បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោក ជា សែនវិស្សុត រួមមកឯកឧត្តមប្រាក់ ផល្លា បានសម្តែងនូវការកោតសរសើរ និងបានទទួលស្គាល់ចំពោះសមិទ្ធផល ក្រោមការដឹកនាំរបស់ប្រធានសហព័ន្ធមុនៗ ពិសេសចាប់តាំងពីសហព័ន្ធកើតឡើងដំបូង ដែលទទួលបានមេដាយលើឆាកអន្ដរជាតិជាច្រើន ។ ជាមួយគ្នានោះប្រធានសហព័ន្ធថ្មី រូបនេះក៏បានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការជួយជ្រុំជ្រែង និងជំរុញការអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យកាន់តែខ្លាំង ដើម្បីប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិឲ្យខានតែបានក្នុងឋានៈកម្ពុជា ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកដំបូង ជាប្រវត្តិសាស្រ្ត នាអំឡុងខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ។
ឯកឧត្តម ប្រាក់ ផល្លា បានថ្លែងថា «ស៊ីហ្គេម កម្ពុជាទើបធ្វើម្ចាស់ផ្ទះលើកដំបូង នាឆ្នាំ២០២៣ ដូច្នេះគោលដៅរបស់យើង ធ្វើយ៉ាងណាឲ្យបានមេដាយក្នុងស៊ីហ្គេម ឆ្នាំក្រោយ។ ខ្ញុំដឹងថា ជាមួយប្រធានសហព័ន្ធចាស់ ទៅប្រកួតនៅក្រៅ បានមេដាយច្រើន។ ដូច្នេះសម្រាប់ឆ្នាំក្រោយ យើងត្រូវ ឲ្យខាងកីឡាកររបស់យើងហ្វឹកហាត់អោយបានច្រើន ហើយរកប្រទេសណា ដែលអាចជួយយើងបាន អាចឲ្យកីឡាកររបស់ទៅហ្វឹកហាត់នៅក្រៅបានល្អ ហើយមួយទៀតធ្វើយ៉ាងណាឱ្យកីឡាកររបស់យើងនៅក្នុងខួរក្បាលគាត់ គិតតែរឿងការប្រកួត អត់មានគិតរឿងអ្វីផ្សេងទេ គាត់ត្រូវប្រកួតធ្វើម៉េចឲ្យបានមេដាយ»។


សូមបញ្ជាក់ថា មហាសន្និបាតវិសាមញ្ញនេះ ក្រៅពីការគាំទ្រឯកឧត្តម ប្រាក់ ផល្លា ជាប្រធានសហព័ន្ធថ្មី គឺមានលោក លោក ឆេង សុភ័ក្រ, លោក ជា វិបុល និងលោក វ៉ា គ្រី ជាអនុប្រធាន។ លោក ជា សែនវិស្សុត ជាអគ្គលេខាធិការ ព្រមទាំងអគ្គលេខាធិការរង ៣រូបទៀត។ លោក វ៉ង់ វុទ្ធា ជាអគ្គហេរញ្ញិក និងអគ្គហេរញ្ញិករង ២រូប ព្រមទាំងសមាជិកចំនួន ១៤រូបផ្សេងទៀត។

ដោយ ៖ គោព្រៃ

You might also like