រកឃើញជើងខ្លាំងពីការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិឆ្នាំ២០២២
ភ្នំពេញ ៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលពីថ្ងៃ គឺចាប់ពីថ្ងៃទី១៥ និងបានបញ្ចប់នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ម្សិលមិញ ទីបំផុតបានរកឃើញជើងខ្លាំងលើ ៥ វិញ្ញាសាប្រចាំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិកីឡាប៊ូល និងប៉េតង់ថ្នាក់ជាតិឆ្នាំ២០២២ ។
ដែលពិធីបិទការប្រកួតមានការអញ្ជើញចូលរួមក្រោមវត្តមានឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ។
ថ្លែងក្នុងឱកាសបិទការប្រកួតខាងលើឯកឧត្តម សុខ សូកាន បានមានប្រសាសន៍ថា ដោយមើលឃើញពីការប្រកួតនៅវគ្គចុងក្រោយមានការស្វិតស្វាញ ដោយហេតុថា អត្តពលិកដែលចូលរួមប្រកួតប្រជែងនៅឆ្នាំនេះ សុទ្ធសឹងតែកីឡាករ-កីឡាការិនីខ្លាំងៗ ដែលសហព័ន្ធបានធ្វើការចម្រុះពីជ័យលាភីចំណាត់ថ្នាក់លេខ១ និងលេខ២ នៃវិញ្ញាសានីមួយៗ ដែលបានប្រកួតជម្រុះនៅតាមតំបន់ទាំង៥ និង ៤ស្ថាប័នដោយធ្វើការប្រកួតលើ ៥ វិញ្ញាសា ប្រើរូបមន្តវិលជុំ។ ប្រធានសហព័ន្ធខាងលើ បានបញ្ជាក់ថា «សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានត្រៀមលក្ខណសម្បត្តិរួចរាល់ទាំងការងារបច្ចេកទេស និងការងាររៀបចំក្នុងនាមម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទាំងហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួត និងធនធានមនុស្ស។»
ជាមួយគ្នានោះឯកឧត្តម ប៊ូ ជុំសេរី បានសម្តែងនូវការកោតសរសើរចំពោះសហ័ន្ធ និងធ្វើការវាយតម្លៃខ្ពស់ចំពោះគណកម្មការរៀបចំការប្រកួត ដែលបានរៀបចំការបកួតនេះឡើង និងបានបញ្ចប់ប្រកបដោយភាពជោគជ័យ ។ ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា ដោយមើលឃើញពីការរីកចម្រើនយ៉ាងខ្លាំង និងសមិទ្ធផលដែលដណ្តើមបាននាពេលកន្លងមករបស់សហព័ន្ធទាំងនៅឆាកជាតិ ជាពិសេសភាពជោគជ័យលើឆាកអន្តរជាតិ ឯកឧត្តមសង្ឃឹមជឿជាក់ថា សហព័ន្ធប៊ូល និងប៉េតង់ និងកាន់តែជោគជ័យសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាពេលខាងមុខដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិ កីឡាប៊ូល និងប៉េតង់ឆ្នាំ២០២២នេះគឺមានកីឡាករ កីឡាការិនីសរុប ១២៧នាក់ មកពីសមាគម ក្លិប១៧ និងលេងលើ ៥វិញ្ញាសាផ្សេងគ្នាក្នុងនោះ វិញ្ញាសាបុរស១នាក់ទល់១នាក់ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ យឹម សុភ័ណ្ឌ មកពីសម្ព័ន្ធកីឡាប៊ូល និងប៉េតង់កងយោធពលខេមរៈភូមិន្ទ ក្រសួងការពារជាតិ។ វិញ្ញាសានារី១នាក់ទល់១នាក់ លេខ១ កីឡាការិនី អ៊ុ ដាវីន មកពីក្លិបក្រសួងមហាផ្ទៃ ។ វិញ្ញាសាយុវជន ក្រោម១៨ឆ្នាំ១ទល់១នាក់ លេខ១កីឡាករ នន់ រ៉ាវីន ក្រសួងការពារជាតិ ។ វិញ្ញាសាយុវនារី ក្រោម១៨ឆ្នាំ១ទល់១នាក់កីឡាការិនី ផេង រ៉ានី មកពីសម្ព័ន្ធកីឡាប៊ូល និងប៉េតង់សម្តេចវិបុលបញ្ញា សុខ អាន ខេត្តតាកែវ ។ វិញ្ញាសាចម្រុះបុរស១នាក់នារី១នាក់ លេខ១ កីឡាករ ឃួន លីហ៊ ចាប់ដៃគូរជាមួយកីឡាការិនីឃួន យ៉ារី មកពីក្លឹបគណៈរដ្ឋមន្រ្តី ៕