វាយកូនឃ្លីលើតុ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងជនពិការជាតិ លើកទី១ បានបញ្ចប់ដោយជោគជ័យ
ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនឃ្លីលើតុ បានបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ក្រោយដំណើរការប្រកួតរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ពិធីបិទការប្រកួតនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា រួមជាមួយឯកឧត្តម ព្រុំ ប៊ុនយី ទីប្រឹក្សា ក្រសួងអប់រំយុវជននិងកីឡា។
ឆ្លងកាត់ការប្រកួតកីឡាជាតិនេះ ក្នុងនាមមន្ដ្រីបច្ចេកទេស លោក ស៊ុន សុទ្ធារិទ្ធ បានវាយតម្លៃខ្ពស់ សម្រាប់ការប្រកួតប្រជែងរបស់កីឡាករ-កីឡាការិនី ទាំងសមត្ថភាព និងបច្ចេកទេស ដោយពួកគេបានគោរពបទបញ្ជាការប្រកួតយ៉ាងល្អប្រសើរ។ រីឯមន្ដ្រីបច្ចេកទេស គឺដូចគ្នា ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានសហព័ន្ធ បានយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រការបើវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រម ថ្នាក់ជាតិ និងអន្ដរជាតិ រហូតថ្មីៗ ទើបប្រឡងជាប់អាជ្ញាកណ្ដាល ចៅក្រមអន្ដរជាតិ ៦រូបទៀតផង។
អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា «បច្ចុប្បន្ន អាជ្ញាកណ្ដាល ចៅក្រម អន្ដរជាតិរបស់កម្ពុជា គឺមាន ៧រូប។ អ៊ីចឹង បញ្ហារៀបចំការប្រកួតនាថ្ងៃមុខ ពិសេសស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ យើងខ្ញុំអត់មានអ្វីត្រូវព្រួយបារម្ភទេ គឺយើងបានបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រម អន្ដរជាតិ ដល់កម្រិតមួយ ទាំងការងារព័ត៌មានវិទ្យា ការរៀបចំការប្រកួត និងបដិសណ្ឋារកិច្ច និងការងាររៀបចំទីលាន គឺដល់កម្រិតស្ដង់ដារមួយ អាចថា គេទទួលយកបានហើយ»។ចំពោះក្ដីបារម្ភ នៃការប្រជែងមេដាយវិញ លោក ស៊ុន សុទ្ធារិទ្ធ បានពន្យល់ថា «យើងនៅមានផលលំបាកតែមួយប៉ុណ្ណោះ គឺផលលំបាកលើបច្ចេកទេសក្នុងការប្រកួតប្រជែង និងដណ្ដើមមេដាយជូនជាតិ គឺជាការលំបាក ព្រោះកន្លងមក បើតាមកម្រិតរបស់យើង នៅលេខ៥ ឬលេខ៦ នៅឡើយទេ។ តែយើងសង្ឃឹមថា ក្រុមជម្រើសជាតិទៅហាត់នៅចិន នឹងកើនឡើងនូវសិទ្ធផលខ្ពស់ ដើម្បីឈានទៅដណ្ដើមមេដាយណាមួយ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមយើងជាម្ចាស់ផ្ទះ»។គួរដឹងថា កីឡាវាយកូនឃ្លីលើតុ នៃកីឡាជាតិ លើកទី៣ នេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៣៩រូប មកពី ៧ក្រសួង និងរាជធានី-ខេត្ត។ រីឯផ្នែកកីឡាវាយកូនឃ្លីលើតុជនពិការ គឺមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១៤នាក់។
សូមបញ្ជាក់ថា ចំពោះលទ្ធផលកីឡាកូនឃ្លីលើតុ (ជនមិនមានពិការភាព) ក្រសួងមហាផ្ទៃ ឈ្នះមេដាយច្រើនជាងគេ រួមមានមេដាយមាស ៣ និងប្រាក់ ២ និងខេត្តប៉ៃលិន ឈ្នះមេដាយមាស ១ និងប្រាក់ ២ ឈរលេខ២។ ចំណែកលទ្ធផលកីឡាវាយកូនឃ្លីលើតុជនពិការ គឺខេត្តព្រៃវែង ឈ្នះមេដាយច្រើនជាងគេ រួមមានមេដាយមាស ៣ និងប្រាក់ ១៕