ម្ចាស់មេដាយប្រាក់ កីឡាប៉ារ៉ាឡាំពិកយុវជនអាស៊ី ឆ្នាំ២០២១ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរដ្ឋាភិបាល
ភ្នំពេញ៖ ម្ចាស់មេដាយប្រាក់ ពីការប្រកួតកីឡាជនពិការប៉ារ៉ាឡាំពិកយុវជនអាស៊ី នៅប្រទេសបារ៉ែន កាលពីឆ្នាំ២០២១កន្លងទៅ កីឡាករ ថុល រ៉ាដែត បានទទួលប្រាក់រង្វាន់លើកទឹកចិត្ត ពីរាជរដ្ឋាភិបាលកម្ពុជា ។
ដែលប្រាក់រង្វាន់លើកទឹកចិត្តនេះ ត្រូវបាននាំយកមក និងធ្វើពិធីប្រគល់ក្រោមវត្តមានឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងមានការចូលរួមធ្វើជាសាក្សីពីសំណាក់ឯកឧត្តមយី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ។
លោក យី សុភក្ត្រា ជានាយបេសកកម្ម ដឹកនាំប្រតិភូអត្តពលិក បានអោយដឹងថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជូលប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមចំនួន២រូប គឺរូបលោកជានាយបេសកកម្មដឹកនាំនិងលោក យ៉ា ថុលរ៉ាដែត ជាកីឡាករអត្តពលកម្មរត់ប្រណាំង វិញ្ញាសារ ២០០ម៉ែត្រ ៤០០ម៉ែត្រ និង ១៥០០ម៉ែត្រ ចំណាត់ថ្នាក់ប្រភេទពិការ T៤៦។ លោកបានបន្តថា នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ការចូលរួមរបស់កីឡាករយុវជនពិកា យ៉ា ថុលរ៉ាដែត បានទទួលសិទ្ធស្របច្បាប់និងអាចចូលរួមប្រកួតបាន៣វិញ្ញាសាររត់ប្រណាំង ២០០ម៉ែត្រ ៥០០ម៉ែត្រ និង១៥០០ម៉ែត្រ។ ព្រឹត្តិការណ៍នៃការប្រកួតកីឡា ប៉ារ៉ាឡាំពិកអាស៊ីលើកទី៤ នៅបារ៉ែន ជាព្រឹត្តិការណ៍លើកទី១របស់កម្ពុជាក្នុងការចូលរួម និងក៏ជាលើក ទី១ របស់យុវជន យ៉ ថុលរ៉ាដែត វ័យក្មេងអាយុ១៩ឆ្នាំ ពិការដៃឆ្វេងទាំងស្រុង។ក្រោមការជម្រុញ និងការប្ដេជ្ញាចិត្តរបស់យុវជន ថុលរ៉ាដែត បានធ្វើឲ្យរូបគេដណ្តើមមេដាយប្រាក់ ១ គ្រឿង លើវិញ្ញាសារត់ចម្ងាយ ១៥០០ ម៉ែត្រដោយប្រើថេរវេលា ៥ នាទី ៤៦វិនាទី ១៥ ។
បន្ទាប់ពីបានស្តាប់របាយការណ៍រួចមកឯកឧត្តម អ៊ុក សិទ្ធិជាតិ បានសម្តែងការចូលរួមអបអរសាទរចំពោះយុវជន យ៉ ថុលរ៉ាដែត វ័យក្មេងអាយុ១៩ឆ្នាំ ពិការដៃឆ្វេងទាំងស្រុង ដែលខិតខំរហូតទទួលបានមេដាយប្រាក់ ១ គ្រឿង លើវិញ្ញាសារត់ចម្ងាយ ១៥០០ ម៉ែត្រ ។ ឯកឧត្តម បានបន្តថា ការជួបជុំក្រោមដំបូលសន្តិភាពនាពេលនេះដែលមានសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសន៍ដ៏ឆ្នើម បាននាំមកនូវភាពសុខដុមរមនាគ្មានការភ័យបារម្ភ ធានាសិទ្ធិរស់នៅប្រកបដោយក្តីសប្បាយរីករាយ ទើបអាចអនុញ្ញាតឲ្យយើងមានកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធទាំងអស់ រៀបចំការប្រកួតនេះចេញជារូបរាងប្រកបដោយលទ្ធផលជាផ្លែផ្កា ជាមួយទឹកមុខស្រស់ស្រាយនិងវឌ្ឍនភាពថ្មីៗ ក្នុងដំណើរមួយៗជាក់លាក់ ឆ្ពោះទៅព្រឹត្តិការណ៍ SEA GAMES ឆ្នាំ២០២៣។
សូមជម្រាប់ថា បន្ទាប់ពីបានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តជូនដល់អត្តពលិកជនពិការរួចមក ក្នុងឱកាសនោះឯកឧត្តមអគ្គនាយក រួមជាមួយឯកឧត្តមយី វាសនា និងក្រុមការងារ ក៏បានដើពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធកន្លែងស្នាក់នៅរបស់អត្តពលិកពិការក្នុងបរិវេនទីស្នាក់ការគណៈកម្មការជាប៉ារ៉ាឡាំពិកដែលកំពុងសាងសង់ និងជួលថ្មី ផងដែរ៕
អត្ថបទ៖ គោព្រៃ