ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ បានបញ្ចប់ដោយគោលការណ៍ យុត្តិធម៌
ព្រះសីហនុ ៖ ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ បានបញ្ចប់ ដោយឈរលើស្មារតីសាមគីភាពព្រមទាំងអនុវត្តបានតាមគោលការណ៍ដោយយុត្តិធម៌ ( Fair Play ) ។
ដែលពិធីបិទការប្រកួតមានការអញ្ជើញចូលរួមក្រោមវត្តមាន លោកឧត្តមនាវីទោ នួន សុធី មេបញ្ជាការរងនៃបញ្ជាការដ្ឋានមូលដ្នានសមុទ្រ និងមានការចូលរួមពីសំណាក់ លោក ម៉ុក សារឿន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា នៅឆ្នេររាម ដែលស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ។
បើតាមគណៈកម្មការរៀបចំការប្រកួតបានអោយដឹងថា ការប្រកួតនេះគឺជាការប្រកួតដ៏មានសារៈសំខាន់មួយ សម្រាប់ការបន្តកសាងសមត្ថភាព គុណភាព ទេពកោសល្យ និងវិជ្ជាជីវៈរបស់កីឡាករ កីឡាការិនី ជាពិសេសគឺជាការវាស់ស្ទង់សមត្ថភាពរបស់មន្រ្តីបច្ចេកទេស និងចៅក្រមរបស់សហព័ន្ធ ក្រោមការជួយគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញ និងអភិវឌ្ឍន៍វស័យកីឡាទូកក្តោងនៅកម្ពុជា ក្នុងការត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ។
សម្រាប់ការប្រកួតនេះគណៈកម្មការរៀបចំការប្រកួតបានរៀបចំវិញ្ញាសាចំនួន ៥ ដោយមានកីឡាករ កីឡាការិនី ចូលរួមសរុបចំនួន ២៧រូប ។ ឆ្លងកាត់ការប្រកួតដោយស្មារតីយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងអស់ពីសមត្ថភាព បច្ចេកទេសឈរលើស្មារតីសាមគីភាពព្រមទាំងអនុវត្តបានតាមគោលការណ៍ដោយយុត្តិធម៌ ( Fair Play ) ជាលទ្ធផលនៃការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ ដែលមានរយៈពេល ២ថ្ងៃ ដែលចាប់តាំងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ លើប្រភេទវិញ្ញាសា ចំនួន ០៥ប្រភេទ គឺ ៖
១. វិញ្ញាសា Windsurfing Open
– ចំណាត់ថ្នាក់លេខ ១ គឺបានទៅលើកីឡាករ កែវ ភារុណ
២. វិញ្ញាសា Windsurfing Techno Open
– ចំណាត់ថ្នាក់លេខ ១ គឺបានទៅលើកីឡាករ គង់ សំរេច
៣. វិញ្ញាសា ILCA Open
– ចំណាត់ថ្នាក់លេខ ១ គឺបានទៅលើកីឡាករ ញ៉ូវ ចាន់
៤. វិញ្ញាសា Byte Boat Open
– ចំណាត់ថ្នាក់លេខ ១ គឺបានទៅលើកីឡាករ ចាន់ សុខវាសនា
៥. វិញ្ញាសា Optimist Open
– ចំណាត់ថ្នាក់លេខ ១ គឺបានទៅលើកីឡាករ ទិត សុវណ្ណា