ម្ចាស់មេដាយមាស Kickboxing បឺត សង្ឃឹម អាចនឹងបាត់មុខពីសង្វៀនជិត១ឆ្នាំ ដោយសាបញ្ហារបួស
ភ្នំពេញ ៖ កីឡាករគុនខ្មែរ ទូច រ៉ាឆាន់ ដែលអ្នកគាំទ្រតែងតែស្គាល់ ឬហៅថា បឺត សង្ឃឹម ដែលដណ្តើមបានមេដាយមាស លើវិញ្ញាសា Kickboxing ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ កម្ពុជាយើងធ្វើជាម្ចាស់ផ្ទះកាលពីពេលថ្មីកន្លងទៅនេះ បានរងរបួសដាច់សសៃ ACL ខណ:គ្រូពេទ្យ បញ្ជាក់ថាត្រូវតែវះកាត់ ទើបមានសង្ឃឹម ហើយប្រើពេលជិត១ឆ្នាំ ទើបជាសះស្បើយ ។ នេះបើតាមការបង្ហោះនៅលើផេកផ្លូវការរបស់កីឡាគុនខ្មែរ ខាងលើដែលមានឈ្នោះថា Bird songkherm – ទូចរ៉ាឆាន់ ។
ក្នុងសំណេរ ដែលបានសរសេរនៅលើ បណ្ដាញសង្គមរបស់កីឡាករ បឺត សង្ឃឹម ដែលជាកូនសិស្សរបស់លោកគ្រូ បឺត ខាំ បានសរសេររៀបរាប់យ៉ាងដូច្នេះថា «បងប្អូនប្រហែលជានឹកខ្ញុំមួយរយះហើយ រឿងមិនចង់ជួប ហេតុអ្វីធ្លាក់មកលើខ្ញុំពេលនេះ» ?អ្នកលេងគុនខ្មែរល្អក្បាច់ រូបនេះបន្តថា «បងប្អូនតើខ្ញុំគួរគិតបែបណា បើសសៃជង្គង់របស់ខ្ញុំ វាដាច់បាត់ហើយ ព្រោះពេលប្រកួតស៊ីហ្គេមចេះតែឈឺ ដល់ពេលប្រកួតចប់ទើបទៅថតឃើញថាដាច់សសៃ ACL បាត់ហើយ គ្រូពេទ្យថាទាល់តែវះកាត់ទើបមានសង្ឃឹមហើយប្រើពេលជិត១ឆ្នាំ ពេលនេះមិនដឹងថាគិតយ៉ាងមិចទេបងប្អូន»។
សូមបញ្ជាក់ថា កីឡាករគុនខ្មែរ ទូច រ៉ាឆាន់ ឬហៅថា បឺត សង្ឃឹម បានរងបួសបន្ទាប់ពីដណ្តើមបានមេដាយមាស១គឿងជូនជាតិ លើវិញ្ញាសា Kickboxing ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ខណៈកាលពីស៊ីហ្គេមលើកទី៣១ នៅវៀតណាម រូបគេក៏ធ្លាប់ដណ្តើមបានមេដាយមាស១គ្រឿងជូនជាតិផងដែរ ៕