ការប្រកួតកីឡាវាយសីអន្តរជាតិ DATUK FOO Kok Keong លើកទី៩ នៅកម្ពុជា នឹងចាប់ផ្តើមនាអំឡុងខែសីហាខាងមុខនេះ

Detail Top Banner

ភ្នំពេញ ៖ ការប្រកួតពានរង្វាន់កីឡាវាយសីអន្តរជាតិ DATUK FOO Kok Keong លើកទី៩ ឆ្នាំ២០២៣ “9 th DATUK FOO Kok Keong International Cup 2023 ” ជាការប្រកួតកីឡាវាយ សីដ៏ល្បី ល្បាញ បំផុតសម្រាប់មនុស្សវ័យចំណាស់ដែលធ្វើឡើងនៅអាស៊ី នឹងធ្វើការប្រកួតជាផ្លូវការ ក្នុងប្រទេសកម្ពុជា នៅក្លឹបវាយសី T Badminton ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ខាង មុខនេះក្រោមការសហការជាមួយ ក្លឹបវាយសី T Badminton និងណាហ្គាវើល។

សណ្ឋាគារ NAGAWORLD នឹងធ្វើជាម្ចាស់ផ្ទះផ្លូវការសម្រាប់ប្រតិភូ និងអ្នកចូល​រួមទាំង​អស់​។​ព្រឹត្តិ​ការណ៍​នេះនឹងត្រូវបានប្រារព្ធឡើងដោយលោក Yang Berhormat Hannah Yeah រដ្ឋមន្ត្រី​កីឡា​ម៉ាឡេ​ស៊ី ជាភ្ញៀវកិត្តិយស The Selangor Symphony Orchestra (550) នឹងសម្តែង ហើយ TENGKU Hisamuddin Zazi មកពី Selangor ប្រទេសម៉ាឡេស៊ី អញ្ជើញចូលរួមពិធីបិទ​កម្មវិធី​ប្រគល់​រង្វាន់​នៅ​ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៣។

លោក NG YONG WEWI ប្រធានគណៈកម្មាធិការរៀបចំបាននិយាយថា ក្នុងឆ្នាំ២០២៣នេះ យើងពិត​ជា​មានមោទនភាពដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះការរៀបចំការ ប្រកួត Datuk Foo Kok Keong cup ២០២៣។ ជាការពិតកម្ពុជាបានទទួលភាពជោគជ័យរួចមក ហើយក្នុងការរៀបចំកីឡា Sea Games លើក​ទី៣២ និង Asean Para Games លើកទី១២ ហើយនេះជាសមតិផល​មួយទៀតដែល​កម្ពុជា​បាន​រៀប​ចំការប្រកួតកីឡាវាយសី Datuk Foo Kok Keong cup ២០២៣។

លោកបន្តថា ព្រឹត្តិកាណ៍ការប្រកួតកីឡាវាយសី Datuk Foo Kok Keong cup កន្លង​មក​លោក​រៀបចំ​សម្រាប់​កីឡាករវ័យក្មេង ប៉ុន្តែលើកនេះយើងរៀបចំសម្រាប់កីឡាករវ័យចាស់តាមស្តង់ដារអន្តជាតិ ហើយមានចំនួន ៩ ប្រទេស ព្រមទំាងមាន ១២ ក្រុម ក្នុងមួយក្រុមមាន ១០ នាក់។ការប្រកួតលើកនេះអាចឲ្យកីឡាករវ័យចាស់រៀនសូត្រ និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ដោយសារមានការចូលរួមពីអតីតកីឡាករជម្រើសជាតិល្បីៗមកពីបណ្តាប្រទេស ហើយកីឡាវាយសីមានភាពល្បីល្បាញសម្រាប់ការផ្តល់នូវពេលវេលាកីឡាដ៏គួរឲ្យចាប់អារម្មណ៍ និងជាកីឡាពេញនិយមបំផុតរបស់ពិភពលោក។

DATUK FKK INTERNATIONAL CUP គឺជាព្រឹត្តិការណ៍កីឡាក្រុមតែមួយគត់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកវិលជុំក្នុងចំណោមទីតាំងផ្សេងៗគ្នាក្នុងសហគមន៍កីឡាវាយសី ហើយវាជាព្រឹត្តិការណ៍ប្រចាំឆ្នាំចាប់តាំងពីការបង្កើតឡើងកាលឆ្នាំ ២០១២ លើកលែងតែឆ្នាំ ២០២០ និង២០២១ត្រូវអាក់ខាន់ដោយសារជំងឺរាតត្បាតកូវីដ។ ការធ្វើជាម្ចាស់ផ្ទះការប្រកួត DATUK FKK INTERNATIONAL Cup ត្រូវបានចាត់ទុកថា ជាកិត្តិយសមួយដោយសារតែប្រជាប្រិយភាពយ៉ាងសម្បើមនៃកីឡាវាយសីទូទាំងពិភពលោកមានមនុស្ស ២២០ លាននាក់លេងកីឡាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក គី ផេង ក្លឹបវាយសី T Badminton បាននិយាយថា ក្នុងនាមលោកជាម្ចាស់ក្លឹបវាយសី T Badminton ពិតជាសប្បាយចិត្ត និងចូលរូមសហការឲ្យល្អប្រសើរជាមួយគណៈកម្មាធិការរៀបចំប្រកួត Datuk Foo Kok Keong cup ២០២៣ ដែលជ្រើសរើសក្លឹបរបស់លោក យើងពិតជាមានមោទនភាពដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះការរៀបចំការកម្រិតអន្តរជាតិនៃប្រភេទកីឡាវាយសី៕

You might also like