ការប្រកួត ITF ជើងឯកថ្នាក់ជាតិ ជាការសម្រិតសម្រាំងអត្តពលិកត្រៀមចេញទៅប្រកួតកាហ្សាក់ស្ថាន

Detail Top Banner

ភ្នំពេញ ៖ ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើការប្រកួតអស់រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដំបូលទូក ។


ដែលកម្មវិធីបិទការប្រកួត មានការអញ្ជើញចូលរួមជាអធិបតីភាព ពីសំណាក់ឯកឧត្តម កែវ រ៉េមី អនុប្រធានសហព័ន្ធ កីឡាតេក្វាន់ដូ អន្តរជាតិ និងជាប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា រួមជាថ្នាក់ដឹកនាំ មន្ត្រីសហព័ន្ធ កីឡាករ កីឡារិនីដែលមកពីបណ្តាលក្លឹបនានា ជាច្រើនទៀតផងដែរ ។

បើតាមរបាយការណ៍ គណៈកម្មការរៀបចំការប្រកួតបានអោយដឹងថា សម្រាប់ការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំនេះ សហព័ន្ធបានទទួលថវិកាគាំទ្រប្រចាំឆ្នាំ របស់ក្រសួងអប់រំយុវជន និងកីឡាក្នុងការជំរុញនិងអភិវឌ្ឍកីឡាតេក្វាន់ដូ ITF ក៏ដូចប្រភេទកីឡាផ្សេងៗដែរ ដើម្បីជ្រើសរើសកីឡាករកីឡាការិនីមកពីបណ្ដាល សមាគម ក្លិបដែលទទួលជយលាភីក្នុងការប្រកួតដើម្បីជ្រើសរើសចូលរួមក្នុងក្រុមជម្រើសជាតិនិងត្រៀមលក្ខណៈចូលរួមប្រកួតលក្ខណៈអន្តរជាតិនានា ។
ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា បានមានប្រសាសន៍ ដែលថា ក្រោយពីបញ្ចប់ការប្រកួតនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សម្រិតសម្រាំងបានកីឡាករកីឡាការិនីដែលមានបច្ចេកទេសខ្ពស់មានទេពកោសល្យនិងសមត្ថភាព មានស្មារតី អង្គអាចក្លាហាន ដែលអាចទៅចូលរួមការប្រកួតប្រជែងលើឆាកអន្តរជាតិ ពិសេសការត្រៀមចូលរួមប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯក ពិភពលោក ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣នៅប្រទេសកាហ្សាក់ស្ថាន ។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ កីឡាតេក្វាន់ដូ ITF ប្រចាំឆ្នាំ២០២៣នេះ ក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈកំពូលតារាង ដោយដណ្តើមបានមេដាយមាស ៦ ប្រាក់២ និងសំរិទ្ធ៣ សរុប១១គ្រឿង ក្រសួងមហាផ្ទៃ ស្ថិតនៅលេខ២ ដណ្តើមបានមេដាយមាស ៥ ប្រាក់៦ និងសំរិទ្ធ៤ សរុប១៥គ្រឿង ចំណែកលេខ៣ ក្លឹបពន្លឺយុវជន ខេត្តកំពង់ស្ពឺ ដណ្តើមបានមេដាយមាស៤ ប្រាក់៣ និងសំរិទ្ធ៤ សរុប១១គ្រឿង ៕

You might also like