ឯកឧត្តម ស សុខា ជួបសំណេះសំណាល ជាមួយមន្ត្រីអង្គភាពអគ្គនាយកដ្ឋានកីឡា មុខចាកចេញទៅកាន់តួនាទីថ្មី
ឯកឧត្តម ស សុខា រដ្ឋលេខាធិការទទួលបន្ទុក និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានអញ្ជើងជាអធិបតីភាពក្នុងពិធីជួបសំណេះ សំណាលជាមួយមន្ត្រីអង្គភាពជំនាញទាំង៦ ក្រោមចំណុះអគ្គនាយកដ្ឋានកីឡា មុនពេលចាក់ចេញទៅកាន់តួនាទីថ្មីដែលរាជរដ្ឋាភិបាលប្រគល់ជូន សម្រាប់អាណតិ្តទី៧ នាពេលខាងមុខ ។ ដែលពិធីជួបជុំសំណេះសំណាលនេះ បានរៀបចំឡើងនៅអគារហ្វឹកហ្វឺនកីឡា កាលពីម្សិលមិញ ។
ឯកឧត្ដម អ៊ុក សិទ្ធិជាតិ បានឲ្យដឹងថា អគ្គនាយកដ្ឋានកីឡារៀបចំកម្មវិធីសំណេះសំណាល មានការចូលរួមពីមន្ត្រីរាជការអង្គភាពជំនាញទាំង៦ចំណុះអគ្គនាយកដ្ឋានកីឡាអង្គភាពពាក់ព័ន្ធ និងក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគ្រឿងញៀន នៃក្រសួងអប់រំយុវជន និងកីឡាសរុបចំនួន ១១០រូប។ក្នុងនាមអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងអង្គភាពចំណុះសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការដែលបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ ចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃចូលរួមក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ លើកទឹកចិត្ត និងផ្ដាំផ្ញើដើម្បីបន្តជំរុញការអភិវឌ្ឍអនុវិស័យអប់រំកាយ និងកីឡា ឱ្យកាន់តែរីកចម្រើន និងមានចេរភាព មុននឹងឯកឧត្ដមបណ្ឌិតចាកចេញទៅកាន់តួនាទីថ្មីបន្តវេន ដែលរាជរដ្ឋាភិបាលប្រគល់ជូន។កាយវិការដ៏ល្អប្រពៃប្រកបដោយគុណធម៌នាពេលនេះ ជាការលើកទឹកចិត្តទាំងអស់គ្នាដែលជាមន្ត្រីគ្រប់គ្រង មន្រ្តីរដ្ឋបាល មន្ត្រីបច្ចេកទេសឱ្យខិតខំបំពេញការងារទ្វេឡើងថែមទៀត ។
ឯកឧត្តម ស សុខា បានចាត់ទុកពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្នុងអនុវិស័យអប់រំកាយ និងកីឡា និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគ្រឿងញៀននៃក្រសួងអប់រំ យុវជន និងកីឡា នេះ ជាពេលវេលាចុងក្រោយ មុនលាគ្នា ជាមួយមន្ត្រី និងអ្នកពាក់ព័ន្ធនៅក្រសួងអប់រំដែលធ្លាប់បានបំពេញការងារនិងបង្កើតបានស្នាដៃជាច្រើនជូនជាតិ ជាពិសេសការទទួលបានជោគជ័យយ៉ាងធំធេងសម្រាប់ការធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ ២០២៣។
ឯកឧត្តមបាន វាយតម្លៃខ្ពស់ ទៅនឹងសមិទ្ធផល ដែលសម្រេចបានកន្លងមក ហើយនេះជាលទ្ធផលនៃការចូលរួមធ្វើទាំងអស់គ្នា មិនមែនកើតឡើងដោយសារ បុគ្គលតែម្នាក់ នោះទេ។ ចំពោះការងារផ្នែកកីឡានេះ ត្រូវការពឹងផ្នែកច្រើនទៅលើអនុរដ្ឋលេខាធិការទាំង ២ គឺឯកឧត្តម ប៊ូ ជុំសេរី និងឯកឧត្តម សុខ សប្បាយណា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យរាល់ការងារដែលបានដាក់ចេញ ជាពិសេសបានចូលរួមធ្វើកំណែទម្រង់ នៅក្នុងវិស័យអប់រំកាយនិងកីឡា ឱ្យមានការរីកចម្រើន»។