អតីតស្តេចប្រដាល់ស្រុកខ្មែរ អេភូ ថង និយាយបែបនេះ ចំពោះជំនួបដ៏កក្រើករវាង ពេជ្រ សម្បត្តិ ជាមួយ ឃីម បូរ៉ា

Detail Top Banner

ប្រដាល់ ៖ អតីតស្តេចប្រដាល់កែងឆេះ ជង្គង់ហោះ ស្រុកខ្មែរលោកអេភូ ថង បាននិយាយទុកមុនថា សម្រាប់ជំនួប​រវាង​ក្របីព្រៃ ពេជ្រ សម្បត្តិ ជាមួយនាគមាស ឃីម បូរ៉ា មានភាគរយជាងគ្នាតែបន្តិចប៉ុណ្ណោះ ។

ដោយលោក អេភូថង បញ្ជាក់ថា សម្បត្តិជាកីឡាករប្រើកម្លាំង មានការតស៊ូ មានភាពអត់ធន់ខ្លាំង ជាប្រភេទកីឡាបុកគ្រប់កាលទេស មិនថា ជួបកីឡាករបុកដូចគ្នាយ៉ាងណាក្តីក៏គេមិនថយនោះទេ ដូច្នេះ​ប្រសិន​បើបូរ៉ា ហ៊ានប្តូឈបុក​ដូចគ្នា​នោះ​ច្បាស់ណា គឺមិនអាចទៅរួចនោះទេ ។ ចំណែកឃីម បូរ៉ា ជា​កីឡា​ករក្បាច់ចេះគ្រប់ស្នៀត បទពិសោធន៍ប្រកួតក៏មានច្រើនជាង ប្រាកដណាស់ថា សម្រាប់ការប៉ះ ជា​មួយសម្បតិ្ត​ បូរ៉ា នឹងវ៉ៃឆាកឆ្វេង ឆាកស្តាំ មិនអោយសម្បត្តិវ៉ៃចូលងាយៗនោះទេ ដូច្នេះ លោកអេភូថង មាន​ជំនឿចិត្ត លើឃីម បូរ៉ា ដល់ទៅ៦០ភាគរយ រឺឯសម្បត្តិមានត្រឹម៥០ភាគរយ ។ អតីតអ្នក​ប្រដាល់​ជើង​ចាស់ រូបនេះ បាននិយាយយ៉ាងដូច្នេះថា « ឃីម បូរ៉ា មានកម្ពស់ខ្ពស់ជាបន្តិចមែន តែការតស៊ូ អត់​ធ្មត់​​ហ៊ានឈ វ៉ៃពីមុខដូយ ដឹងតែមិនរួចខ្លួនពីសម្បត្តិនោះទេ បើវ៉ៃបច្ចេកទេស ឆាកឆ្វេង ស្តាំ គឺបូរ៉ា មាន​ភា​គ​រយ​ខ្ពស់​ជាងបន្តិច ដូច្នេះខ្ញុំអោយភាគរយទៅឃីម បូរ៉ា ៦០ លើសសម្បត្តិ១០ភាគរយ ដោយសា​គេ​សិស្ស​ច្បង ។ បើទោះបីការប្រកួត៣ទឹក ក៏ដោយក្នុងចិត្តខ្ញុំក៏នៅតែគិតថា តែវ៉ៃ បូរ៉ា អត់បាន​គឺ បូរ៉ាឈ្នះ ។ ព្រោះខ្ញុំដឹងក្បាច់បូរ៉ា គេមិនចេះតែចូលវ៉ៃទេ តែមានថ្ងៃខ្លះ បូរ៉ា ក៏ចូលវ៉ៃដែរ តែថ្ងៃហ្នឹងខ្ញុំដឹងថា បូរ៉ា ដឹងតែសម្រុកហាត់អោយខ្លាំងវ៉ៃបច្ចេកទេស​ដូចកាលពីឡើងវៃជាមួយ មេឃាអញ្ចឹង »។

សូមបញ្ជាក់ថា សម្រាប់ជំនួបរវាង ឃីម បូរ៉ា ប៉ះ ពេជ្រ សម្បត្តិ នឹងត្រូវធ្វើឡើងនាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ឆាប់ៗនេះ នៅសង្វៀនទូរទស្សន៍ជាតិកម្ពុជា ។ ដែលជាជំនួបដាក់ខ្សែក្រវ៉ាត់ គ្រុឌ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ប្រកួតលក្ខណៈគុនខ្មែរ ប្រើហ្គង់ធំ ៥ទឹក១ទឹក៣នាទី ៕

 

អត្ថបទ ៖ គោព្រៃ

You might also like