ព្រំ សំណាង លេងមួយក្បាច់អ្នកគាំទ្រចង់ដាច់ផ្ងារ
ប្រដាល់ ៖ អ្នកគាំទ្រប្រដាល់គុនខ្មែរជាច្រើន បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញនូវការបង្ហោះរបស់ កីឡាករលំដាប់ជួរមុខ នៅកម្ពុជានាពេលបច្ចុប្បន្ន គឺព្រំសំណាង បានប្រកាសដកខ្លួនចេញពីកម្មវិធីគ្រុឌ គុនខ្មែរ ដែលរៀបចំដោយស្ថានីយទូរទស្សន៍ជាតិ ។
ក្នុងសំណេដែលបានបង្ហោះលើផេកផ្លូវការដែលមានឈ្មោះថា សំណាង ព្រំ-គុនខ្មែរ បានសរសេរបញ្ជាក់ថា «កម្មវិធីប្រកួតនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះខ្ញុំបាទ ព្រំ សំណាង មិនបានចូលរួមប្រកួតទេព្រមទាំងកម្មវិធីផ្សេងៗ នៅថ្ងៃខាងមុខទៀតផង។ សូមអគុណ » ។
បន្ទាប់ពីមានការប្រកាសដកខ្លួនចេញបែបនេះ បានធ្វើអោយមតិមហាជន សម្តែងការខកចិត្ត យ៉ាងខ្លាំង ក្រោយមកអ្នកចាប់គូប្រដាល់នៃសង្វៀន ទូរទស្សន៍ជាតិ លោក នៅ លីដា ក៏បានចេញមុខនិយាយបញ្ជាក់ថា ព្រំ សំណាង នឹងឡើងប្រកួតតាមការកំណត់ធម្មតា មិនមានបញ្ហាអ្វីនោះទេ ។
ជាមួយគ្នានោះ នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ តាមរយៈផេករបស់លោកគ្រូ វង្ស ស៊ីថៃ ដោយបាននិយាយរៀបរាប់ថា សម្រាប់ការប្រកួតនាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ព្រំ សំណាង នឹងធ្វើការប្រកួត ដ៏ដែលបើមិនមានការប្រែប្រួល ។ ចំពោះមូលហេតុដែល បានបង្ហោះសុំដកខ្លួនចេញ ត្រូវបាន អ្នកលេងកន្ត្រៃហោះគុនខ្មែររូបនេះ បង្ហើបអោយដឹង « មេគាត់ចង់អោយខ្ញុំទាមទារតម្លៃខ្លួនឲ្យបានសមរម្យ ព្រោះតម្លៃខ្លួនកីឡាករធម្មតាក៏ប៉ុណ្ណឹង ចំណែកយើងជាកីឡាករលំដាប់ខ្ពស់តំណាងអោយប្រទេសកម្ពុជាទាំងមូល ចឹងខ្ញុំស្នើសុំអោយអ្នករៀបចំការប្រកួតផ្ដល់កិត្តិយស និងតម្លៃខ្លួនឲ្យបានខ្ពស់បន្តិច ដើម្បីអោយសាកសមជាកីឡាករតំណាងអោយកម្ពុជា ត្រៀមប្រកួតជាមួយស្តេចប្រដាល់ភូមា ដូចតាមការគាំទ្ររបស់ឯកឧត្តមហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីកម្ពុជាថ្មី »។
សម្រាប់ចេញមុខនិយាយបែបនេះ ត្រូវបានអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិរិះគុណ ដោយអ្នកខ្លះលើកឡើងថា មុនចាប់គូយូហើយម្តេចមិនចរចារឿងតម្លៃខ្លួន តែជិតដល់ថ្ងៃឡើងប្រកួតទើប ចង់ដកខ្លួនបែបនេះ អញ្ចឹងតែកម្មវិធីគេនឹងទៅជាយ៉ាងណា ។ ដោយអ្នកខ្លះទៀតលើកឡើងថា មុនទទួលការប្រកួតគួណាស់តែនិយាយតម្លៃខ្លួនអោយបានច្បាស់ បើអាងតែខ្លួនជាកីឡាករល្បី ជិតដល់ថ្ងៃទើបទាមទារតម្លៃខ្លួន អាចជាគំរូអាក្រក់ដល់កីឡាករផ្សេងៗទៀតនាពេលខាងមុខ ។
សូមបញ្ជាក់ថា អ្នកលេងជង្គង់ទិព្វ ព្រំ សំណាង នឹងត្រូវបង្ហាញវត្តមាន នៅសង្វៀនគ្រុឌគុនខ្មែរ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៧និង៣០នាទីល្ងាចតទៅ នៅទីតាំង ផ្សារុងរឿង ផ្លូវ6A ក្នុងតំបន់ OCIC ជ្រោយចង្វារ រាជធនីភ្នំពេញ ៕