ស៊ូ បាលី ទទួលបានបទពិសោធន៍ដ៏ល្អ មុនបន្តចូលរួមប្រកួត Asian Games នៅចិន

Detail Top Banner

ចំបាប់ ៖ កីឡាករចំបាប់កម្ពុជា ស៊ូ បាលី បានរងបរាជ័យក្រោយឆ្លងកាត់២ប្រកួត ដោយចាញ់ប្រកួតដំបូង​ជាមួយ​កីឡា​ករហ្ស៊ក​ហ្ស៊ី Geno Petriashvili ដែលជាម្ចាស់មេដាយមាសកីឡាអូឡាំពិក ឆ្នាំ២០២០ នៅប្រទេស​ជប៉ុន និង​បន្តចាញ់កីឡាករ​ រុស្ស៊ី  Abdulla Kurbanov ដោយពិន្ទុ ក្នុងព្រឹត្តិការណ៍ជើង​ឯកពិភពលោក ។​ បើទោះមិនទទួល​បានជោគជ័​យដូចការ​រំពឹងទុ​ក​ក៏​ពិត​មែន ប៉ុន្តែការចូលរួមរបស់អត្តពលិក​កម្ពុជាលើក​នេះ ត្រូវបានលោក ខេស៊ី បាណេត អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់កម្ពុជា ចាត់ទុកថា ជាបទពិសោធន៍​ដ៏​ល្អ សម្រាប់ឆ្ពោះទៅព្រឹត្តិការណ៍ Asian Games នៅ​ប្រទេសចិន ក្នុងរយៈពេលឆាប់ៗខាងមុខនេះ ។

លោក ខេស៊ី បាណេត បានរៀបរាប់ក្នុងសារអេឡិចត្រូនិចយ៉ាងដូច្នេះថា « ម្សិលមិញ ស៊ូ បាលី ចាញ់ម្ចាស់ ជើងឯកជាតិ រុស្ស៊ី ដោយពិន្ទុ។ នេះជាលើកដំបូងសម្រាប់កម្ពុជា ដែលបានចូល​រួមប្រកួត​ជើង​ឯក ពិភពលោក ។ កីឡាកររបស់យើងធ្វើបានល្អ និងឈ្នះ ពិន្ទុជាមួយម្ចាស់ ជើងឯកពិភពលោក។ វាជា​បទ​ពិសោធន៍ដ៏ល្អ ហើយនឹងជួយយើងអភិវឌ្ឍសម្រាប់ Asian Games នៅប្រទេសចិនក្នុងរយៈ​ពេលពីរ​សប្តាហ៍​ទៀត ។ ដោយផ្អែកលើពិន្ទុ ដែលគាត់រកបាន ស៊ូ បាលី ទទួលបានចំណាត់ ថ្នាក់លេខ១៨ ក្នុង ចំណោម អ្នកចំបាប់ ៣៣ នាក់ »។

គូសបញ្ជាក់ថា បន្ទាប់ពីបញ្ចប់បេសកកម្ម ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនេះ អត្តពលិកចំបាប់​កម្ពុជា ក៏នឹងមានបេសកកម្មដ៏ចាំបាច់មួយទៀតគឺ ឆ្ពោះទៅចូលរួម​ការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ខេត្ត Zhejiangសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ។ ក្នុងនោះអត្តពលិក​កម្ពុជា​ដែលត្រូវ​ចូលរួម​មាន​ដូចជា កីឡាករ ស៊ូ បាលី, កីឡាករ ម៉ូ សាវី, កីឡាករ ហេង វុទ្ធី និងកីឡាការិនី ជា កញ្ញា​ ក៍ចូលរួម​ប្រកួតផងដែរ៕

អត្ថបទ ៖ គោព្រៃ

You might also like