កម្ពុជាទទួលសិទ្ធរៀបចំការប្រកួតវាយសីជើងឯកអាស៊ីអាគ្នេយ៍លើកដំបូងបន្ទាប់ពីកីឡាស៊ីហ្គេមបញ្ចប់ដោយជោគជ័យ

Detail Top Banner

វាយសី ៖ ឧត្តមសេនីយ៍ ទោ ជាម សុភា អគ្គលេខាធិការ តំណាង ឯកឧត្តម លី កុសល់ ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងការពារជាតិ បានបញ្ជាក់ឲ្យដឹង នារសៀលថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០២៣ នាឱកាសចុះពិនិត្យមើលទីលានកីឡាវាយសី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោថា សហព័ន្ធកីឡាវាយសីកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ជាលើកដំបូង រយៈពេល៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៣០ខែ តុលា រហូតដល់ថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២៣។


ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ថា កក្តាដែលកម្ពុជាត្រូវបានផ្តល់សិទ្ធរៀបចំព្រឹត្តិការណ៍អន្តរជាតិកម្រិតតំបន់ជាលើកទី១នេះ ផ្តល់សិទ្ធពីសហព័ន្ធកីឡាវាយសីអាស៊ី គឺដោយសារតែកម្ពុជារៀបចំកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យជាមួយការរៀបចំបានយ៉ាងល្អធ្វើឲ្យបណ្តាលប្រទេសចូលរួមលើកសសើរ។
ឯកឧត្តម អះអាងថា ការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាទទួលសិទ្ធរៀបចំធ្វើជាម្ចាស់ផ្ទះលើកទី១នេះ វាជាមោទនភាព និងជាប្រវត្តិសាស្រហើយ សម្រាប់កម្ពុជាដូជាព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែរ។

ហើយ សម្រាប់ការទទួលលើកទី១នេះ កម្រិតអាស៊ានគឺមាន១១ប្រទេស ប៉ុន្តែកម្ពុជាទទួលយកតែ៥ប្រទេសប៉ុណ្ណោះ ក្នុងនោះមានកម្ពុជាម្ចាស់ផ្ទះ ឡាវ មីយ៉ាន់ម៉ា ព្រុយណេ និងប្រទេសទីម័រ ក្នុងគោលដៅផ្តល់ការលើកទឹកដល់ប្រទេសដែលកំពុងអភិវឌ្ឍកីឡាវាយសី។
អគ្គលេខាធិការ ខាងលើបានបន្ថែមទៀតថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ ឯកឧត្តម លី កុសល់ ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានណែនាំឲ្យក្រុមការងារសហព័ន្ធកីឡាវាយសីរៀបចំហេដ្ឋារចនាសម្ព័ន្ធនៃការត្រៀមខ្លួនធ្វើយ៉ាងណាឲ្យបានល្អឥតខ្ចោះ នឹងត្រៀមទទួលបដិណ្ឋាកិច្ចភ្ញៀវប្រតិភូមកប្រកួតឲ្យបានល្អដូចជាព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែរ ចប់ការប្រកួតបន្សល់ទុកនូវការចងចាំអនុស្សាវរីយ៍ល្អៗពីកម្ពុជា។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍នេះ មានអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៧ឆ្នាំ ដោយកម្ពុជាបានដាក់អត្តពលិករបស់ខ្លួនដែលជាយុវជនចំនួន១០នាក់ ប្រកួតប្រជែងជាមួយប្រទេសចំនួន៤ដូចជាៈ ឡាវ មីយ៉ាន់ម៉ា ព្រុយណេ និងប្រទេសទីម័រ៕

 

អត្ថបទ ៖ គោព្រៃ

You might also like