អគ្គនាយកកីឡា បង្ហាញមោទនភាព ចំពោះការនាំយកមេដាយ២០ គ្រឿងរបស់វ៉ូវីណាមកម្ពុជា ពីជើងឯកពិភពលោក
ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញជួបសំណេះសំណាល និងបំពាក់កម្រងផ្កាជូនប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជា ដែលវិលត្រលប់ពីការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកពិភពលោកលើកទី៧ នៅប្រទេសវៀតណាម នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ឯកឧត្តម ប៉ុន សុខ អគ្គនាយក អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជនបានលើកឡើងថា ការឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ សរុបចំនួន២០គ្រឿងពីការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក លើកទី៧ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ឆ្នាំ២០២៣ គឺជាមោទនភាពជាតិថ្មីមួយទៀត ដែលប្រភេទកីឡាវ៉ូវីណាមដណ្តើមបានឧត្តមភាពជូនជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនៅក្នុងឆ្នាំជាមួយគ្នា។ ឯកឧត្តម ប៉ុន សុខ គូសបញ្ជាក់ថា នៅពេលនេះ ប្រភេទកីឡាវ៉ូវីណាមកម្ពុជា បានចូលរួមប្រកួតជើងឯកពិភពលោក ដែលបានធ្វើឱ្យពិភពលោកបានឃើញពីសក្តានុពលរបស់កម្ពុជាបន្ថែមទៀត តាមរយៈវិស័យកីឡា។ ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយកកីឡាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ប្រធានសហព័ន្ធ គ្រូបង្វឹក កីឡាករ កីឡាការិនីវ៉ូវីណាមទាំងអស់ ដែលលទ្ធផលគាប់ប្រសើរនេះបានរួមចំណែកកសាងកិត្តិយសជាតិលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកពិភពលោក លើកទី៧ ឆ្នាំ២០២៣ នៅប្រទេសវៀតណាម អត្តពលិកកម្ពុជា ប្រជែងបានមេដាយសរុប២០ ក្នុងមេដាយមាស៦ ប្រាក់៥ និងសំរឹទ្ធ៩ ឈរចំណាត់ថ្នាក់លេខ៣ ខណៈម្ចាស់ផ្ទះវៀតណាម ឈរលេខ១ និងអាល់សេរី ឈរលេខ២ ក្នុងតារាង៕