អ្នកប្រដាល់គុនខ្មែរឈ្នះអ្នកប្រដាល់ថៃដោយផ្តួលឲ្យសន្លប់មុនទឹកទី៥ ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5
ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ អ្នកប្រដាល់គុនខ្មែរជើងខ្លាំងកម្ពុជា ៣ រូបបានផ្តួលអ្នកប្រដាល់ថៃឲ្យសន្លប់ការប្រកួតមុនទឹកទី៥ បន្ទាប់ពីពួកគេប្រើស្នៀតពិសេសដើម្បីផ្តួលគូប្រកួតរៀងៗខ្លួន ។
ការប្រកួតមិត្តភាពរវាងអ្នកប្រដាល់កម្ពុជា និងអ្នកប្រដាល់ថៃជើងខ្លាំង Banda Sak កាល ៤ ឆ្នាំមុនធ្លាប់បង្កើតព្យុះភ្លៀងលើសង្វៀននៅស្រុកខ្មែរនោះ ត្រូវបានអ្នកប្រដាល់ស្រករក្រោយរបស់កម្ពុជា ធន អៀងឡេង ក្លិបកងយោធពលខេមរភូមិន្ទបង្ខំឲ្យលើកទង់ជ័យ ស ចុះចាញ់មុនស្នូរជួងបញ្ចប់ទឹកទី៤។
បន្ទាប់ពីបរាជ័យ Banda Sak បានត្រឹមតែនិយាយថា ពិតជារលកក្រោយច្រានរលកមុនមែន ហើយគេនិយាយទៀតថា ទោះបីតាក់ទិកនៃការប្រកួតប្រហាក់ប្រហែលគ្នាមែនតែកម្លាំង ប៉ុន្តែអ្នកប្រដាល់រូបនេះពិតជាចាញ់ប្រៀបធន អៀងឡេងដាច់តែម្ដង។
ចំពោះអ្នកប្រដាល់កម្ពុជា ខាំ កូនខ្លា ក្លិបមហិទ្ធិរិទ្ធមេសថ្ងកខេត្តស្វាយរៀងប្រើពេលតែ៣ទឹកប៉ុណ្ណោះផ្ដួលអ្នកប្រដាល់ថៃ Yorth Phat ឲ្យសន្លប់ក្រោកលែងរួច ទោះបីខាំ កូនខ្លា មានប្រវត្តិប្រកួតច្រើនជាងយ៉ត ផេតក៏ពិតមែនតែគេស្គាល់សង្វៀនប្រដាល់ក្រោយអ្នកប្រដាល់ថៃរូបនេះទេ។
អ្នកប្រដាល់កម្ពុជា ខាំ កូនខ្លា ជាអ្នកប្រដាល់ចិត្ត និងវ៉ៃហ៊ានប្ដូរ ទោះបីជាគេដឹងថា ទោះមួយចានទឹកមួយចានគោកក៏គេប្រថុយដែរ។ ជំនួបជាមួយ Yorth Phat នាយប់ម៉ិញនេះខាំ កូនខ្លាបានប្រើស្នៀតទាត់ផ្កាប់ចាន បញ្ចប់ Yorth Phat នៅត្រឹមទឹកទី៣តែប៉ុណ្ណោះ។
ចំណែលអ្នកលេងជង្គង់ និងកែង អ្នកប្រដាល់កម្ពុជា ប៊ុន សុធា ក្លិបកងយោធពលខេមរភូមិន្ទបានយកឈ្នះអ្នកប្រដាល់ថៃ Phat Phanthea ដោយអាជ្ញាកណ្ដាលបញ្ឈប់មុនស្នូរជួងបញចប់ទឹកទី៤។ ស្ថានភាពនៃការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះសុធាមានប្រៀបតាំងពីចុងទឹកទី១មកម្ល៉េះ។
ទោះបីដើមទឹកការប្រកួតហាក់ដូចជាស្ថិតក្នុងស្ថានភាពស្ទាបស្ទង់ក៏ពិតមែនតែនៅចុងទឹកទី១ សុធា ចាប់ផ្ដើមមានប្រៀបតែម្ដង។ ទឹកទី២ទឹកទី៣និងទឹកទី៤ផេត ផាន់ថេបានត្រឹមតែដកថយនិងការពារតែប៉ុណ្ណោះការវាយបកធ្វើឡើងក្នុងស្ថានភាពប្រថុយប្រថាន។ ដោយសារសមត្ថភាពនៃការប្រកួតគ្មានបែបនេះទើបលើកអាជ្ញាកណ្ដាលបញ្ឈប់នៅក្នុងទឹកទី៤តែម្ដង។
ការប្រកួតក្នុងតំណែងគូពិសេសរវាងអ្នកប្រដាល់រួមជាតិវិញនោះអ្នកប្រដាល់កម្ពុជា នូវ សុខទី ក្លិបតាឡីដំរី មានរិទ្ធផ្ដួលអ្នកប្រដាល់កម្ពុជា អេលីត ផានិត ឲ្យសន្លប់នៅទឹកទី២ និងអ្នកប្រដាល់កម្ពុជា សំរិទ្ធ សុភាព ក្លិបហ្គាឡាក់ស៊ីណា វ៉ាត្រា ចាញ់អ្នកប្រដាល់កម្ពុជា រិទ្ធី សុវណ្ណឃីមក្លិបSuper Fightដោយពិន្ទុ៕