ក្រុមបាល់ទាត់ចំនួន១១ចូលរួមកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌អង្គការផ្កាយសមុទ្រលើកទី២
ភ្នំពេញ អង្គការផ្កាយសមុទ្រកម្ពុជា បានរៀបចំកម្មវិធី ការប្រកួតបាល់ទាត់សប្បុរសធម៌លើកទី២របស់ខ្លួន ដែលមានក្រុមចូលរួមមកពីបណ្តាក្រុមហ៊ុនចំនួន១១ នៅទីលានបាល់ទាត់អង្គកាផ្កាយសមុទ្រកម្ពុជា។ ការប្រកួតសប្បុរសធម៍លើកទី២នេះ បានរៀបចំឡើង ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់សុខភាព ផ្តល់ភាពសប្បាយរីករាយ និង ឱកាសកសាងមិត្តភាព តាមរយះការលេងកីឡា។
អ្នកស្រី ជួបវិច្ឆិកាអគ្គនាយិកាអង្គការផ្កាយសមុទ្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមតំណាងឲ្យអង្គការផ្កាយសមុទ្រកម្ពុជា លោកស្រី ពិតជាមានអារម្មណ៍រំភើបរីករាយខ្លាំងណាស់ ដែលបានឃើញមានការចូលរួមយ៉ាងច្រើនកុះករពីបងប្អូនស្រលាញ់បាល់ទាត់មកពីក្រុមបណ្ដាក្រុមហ៊ុននានា ប្រកបដោយទឹកចិត្តសប្បុរសធម៌ជួយរួមចំណែកក្នុងការងារសង្គមនិងកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ឱកាសដល់កុមារក្រីក្រនូវឱកាសរៀនសូត្រដ៍មានគុណភាពនិងជាពិសេសគឺចូលរួមលើកកម្ពស់វិស័យកីឡាបាល់ទាត់នូវប្រទេសយើងអោយកាន់តែរីកចម្រើនទៅមុនផងដែរ។
លោកស្រីថា កម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌លើកទី២របស់អង្គការផ្កាយសមុទ្រឆ្នាំនេះពិតជាបានបង្កើតអនុស្សាវរីយ៍ថ្មីៗនិងល្អៗដល់ក្រុមបាល់ទាត់ចូលរួមទាំងអស់ដោយទន្ទឹមនឹងនេះបានពង្រឹងស្មារតីក្រុមពង្រីកទំនាក់ទំនងនិងបង្កើតវប្បធម៌ចែករំលែកក្នុងសង្គមកម្ពុជាទាំងមូលទៀតផង។ ជោគជ័យនៃព្រឹត្តិការណ៍នេះនឹងមិនអាចកើតឡើងទៅរួចឡើយប្រសិនបើមិនមានការចូលរួមពី លោកអ្នកទាំងអស់មកពីក្រុមហ៊ុនទាំង១១ ។គោលដៅនៃការប្រកួតបាល់ទាត់សប្បុរសធម៌ គឺដើម្បីបង្កើតទំនាក់ទំនងរវាងក្រុមហ៊ុនសាជីវកម្មនានាតាមរយៈការប្រកួតប្រជែងមិត្តភាព ប្រធានបទនៃព្រឹត្តិការណ៍ឆ្នាំនេះផ្តោតលើការកសាងទំនាក់ទំនង ការពង្រឹងសមត្ថភាពកីឡា និងការប្តេជ្ញាចិត្តចំពោះការងារសប្បុរសធម៌។
លោកស្រីប្រធានអង្គការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការគាំទ្រដូចជា៖ក្រុមហ៊ុន Beverage Company, Hospicare, Eleven One Kitchen, and Fly Phnom Penh ។ការគ្មានកិច្ចសហការគាំទ្រទាំងអស់នេះទេ វាក៏គ្មានការប្រកួតដ៏សប្បាយរីករាយនេះកើតឡើងមកដែរ។ទន្ទឹមជាមយយគ្នានេះផងដែរ លោកផាត ផានិត មកពីក្រុម Spean Thmor United បាននិយាយថា នេះជាលើកដំបូងរបស់ខ្ញុំ ដែលចូលរួមក្នុងកម្មវិធីការប្រកួតបាល់ទាត់សប្បុរសធម៌របស់អង្គការផ្កាយសមុទ្រ។កម្មវិធីនេះបានអនុញ្ញាតឱ្យខ្ញុំភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនផ្សេងៗគ្នាខណៈពេលដែលបានរួមចំណែកយ៉ាងមានអត្ថន័យដើម្បីជួយដ៍កុមារ និងសហគមន៍រក្រីក្រ ។ ខ្ញុំមើលឃើញថា កម្មវិធី ការប្រកួតបាល់ទាត់ សប្បុរសធម៌ជាឱកាសដ៏ធំធេងសម្រាប់បុគ្គលវ័យក្មេងនិងក្រុមហ៊ុននានាក្នុងការរួបរួមនិងបំផុសក្តីសង្ឃឹម ដែលអាចឱ្យកុមារក្រីក្រទទួលបានការអប់រំ។
លោករ៉ាវុធ មកពីក្រុម AIA Cambodia បាននិយាយថា AIA Cambodia បានចូលរួមកម្មវិធីនេះ ចាប់តាំងពី ការប្រកួតបាល់ទាត់ សប្បុរសធម៌ លើកទីមួយ ដែលមានគោលបំណងជំរុញទឹកចិត្តកីឡា និងការងារសប្បុរសធម៌សម្រាប់បុគ្គលិកAIAទាំងអស់។បទពិសោធន៍របស់ខ្ញុំនៅក្នុងកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌លើកទី២នេះ ពិតជាសប្បាយរីករាយណាស់ ព្រោះវាអនុញ្ញាតឱ្យខ្ញុំបានបណ្តុះមិត្តភាព និងបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយមិត្តរួមការងារនូវAIACambodiaនិងអ្នកតំណាងមកពីក្រុមហ៊ុនផ្សេងៗក្នុងប្រទេសកម្ពុជា។ខ្ញុំសូមអំពាវនាដល់ក្រុមហ៊ុននានាដែលមិនទាន់បានចូលរួមជាមួយអង្គការផ្កាយសមុទ្រ អាចចុះឈ្មោះចូលរួមនៅឆ្នាំក្រោមទាំងអស់គ្នា៕