ពិធីករប្រដាល់ដ៏ល្បីឈ្មោះមួយរូប ចេញមុខបដិសេធ ក្រោយឃើញម្ចាស់សង្វៀនមួយ លើកខ្សែក្រវ៉ាត់ខ្លួនឯងលំដាប់ពិភពលោក

Detail Top Banner

ប្រដាល់ ៖ បន្ទាប់ពីមើលឃើញភាពប្រគាប់ប្រសើចំពោះការរៀបចំរបស់ម្ចាស់សង្វៀនគុនខ្មែរនាពេលបច្ចុប្បន្នមួយចំនួន ដែលរៀបចំការប្រកួត នឹងបង្កើតខ្សែក្រវ៉ាត់ខ្លួនឯង ដោយគ្មានការ ទទួលស្គាល់ពីស្ថាប័នអន្តរជាតិអ្វីនោះទេ ប៉ុន្តែដាក់ឈ្មោះខ្សែក្រវ៉ាត់នោះ សុទ្ធតែលំដាប់ ពិភពលោក បានធ្វើពិធីករ ប្រដាល់មួយរូប ដែលធ្លាប់មានបទពិសោធន៍ច្រើនឆ្នាំផងនោះ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនដោយមិនយល់ស្រប ចំពោះការដាក់ ឬបង្កើតខ្សែក្រវ៉ាត់ ដែលមានឈ្មោះដល់លំដាប់ពិភពលោកបែបនេះឡើយ ។

លោក ងួន ហ្វី ដែលជាពិធីករកីឡា ដ៏មានប្រជាប្រិយ៍ភាពមួយរូបប្រចាំស្ថានីយ៍ទូរទស្សន៍ ភីអិនអិន បានលើកឡើង នៅលើផេកផ្លូវការរបស់លោកផ្ទាល់ដែលមានឈ្មោះថា «Fí Austín/ កីឡា News » ដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា «ខ្សែក្រវ៉ាត់យើងអ្នកបង្កើតខ្លួនឯង មិនទាន់មានមានស្ថាប័នលំដាប់ពិភពលោកណាមួយគេទទួលស្គាល់នោះទេ យើងគួរតែដាក់ឈ្មោះថា ខ្សែក្រវាត់ប្រចាំប៉ុស្ដិ៍នេះ ឬប្រចាំប៉ុស្ដិ៍នោះបានហើយ ។ ជាមួយគ្នានោះ ពិធីកររូបសង្ហាខាងលើក៏បានលើកជាឧទាហរណ៍មកបញ្ជាក់ច្បាស់ៗថា ៖ ម្ចាស់ខ្សែក្រវាត់ប៉ុស្ដិ៍លេខ៧ ម្ចាស់ខ្សែក្រវាត់ប៉ុស្ដិ៍ ABC ឬ ប៉ុស្ដិ៍ កខគង បើយើងបង្កើតខ្លួនឯងយើងដាក់ថាម្ចាស់ខ្សែក្រវាត់ពិភពលោកវាហាក់ដូចជា គ្រាន់តែយើងលើកខ្លួនឯងខ្ពស់ពេក ឬលួងខ្លួនឯងប៉ុណ្ណោះទេ វាមិនបង្ហាញពីការរីកចម្រើននៃគុនខ្មែរទេ។ ទន្ទឹមនោះ លោកក៏បាន សង្កត់ធ្ងន់ថា ម្ចាស់ខ្សែក្រវាត់ពិភពលោកត្រូវការប្រកួតឆ្លងកាត់ច្រើនដំណាក់កាល ច្រើនប្រទេស ទទួលស្គាល់ដោយស្ថាប័នពិភពលោក ។

គូសបញ្ជាក់ថា ការបញ្ចេញមតិរបស់ លោកងួន ហ្វី ខាងលើគ្រាន់តែជាគំនិតនៃការយល់ឃើញផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះ បន្ទាប់ពីអ្នករៀបចំកម្មវិធីប្រដាល់នាពេលបច្ចុប្បន្នកាន់តែច្រើន ចំណែកការបង្កើតខ្សែក្រវ៉ាត់ដាក់អោយកីឡាករប្រកួតក៏កាន់តែសំបូរដូចគ្នា តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺការដាក់ឈ្មោះខ្សែក្រវ៉ាត់ លំដាប់ពិភពលោក ប៉ុន្តែមិនទាន់មានការទទួលស្គាល់ពីស្ថាប័នអន្តរជាតិណាមួយនៅឡើយនោះទេ ។

 

អត្ថបទ គោព្រៃ

You might also like