ក្រុមបាល់ទាត់ទាំង៣៤ នឹងធ្វើការប្រកួតគ្នារយៈពេលជាង២ខែ ប្រជែងយកពាន រង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ឆ្នាំ២០២៤

Detail Top Banner

ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៩ ឆ្នាំ២០២៤ មាន ក្រុមចូលរួមកើនឡើង៣ក្រុមបើធៀបនឹងឆ្នាំមុន ខណៈឆ្នាំនេះមានក្រុមចូលរួមរហូតដល់៣៤ ដែលនឹងត្រូវធ្វើការប្រជែងគ្នារយៈពេលជាង២ ខែ គឺចាប់ពីថ្ងៃទី១៤ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតចែកពូក កាលពីចុងសប្តាហ៍កន្លងទៅ នៅសាលធំនៃមជ្ឍមណ្ឌលម៉ានី (The Kampus) ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញអារម្មណ៍ សប្បាយរីក រាយ និងកោតសរសើរចំពោះក្រុមការងារ នៃគណៈកម្មាធិការកីឡាបាល់ទាត់ មិត្តភាពយុវជន អន្តរក្រសួង-ស្ថាប័ន ក៏ដូចជាគណៈកម្មការប្រតិបត្តិរៀប ចំការប្រកួតព្រមទាំងក្រុមការងារ ទាំង អស់ ដែលបានខិតខំប្រឹងប្រែង រួមកម្លាំងគ្នារៀបចំកម្មវិធីនេះប្រកបដោយភាពអធិអធម និងឱឡារិកពេលនេះ និងបើកការប្រកួតនាពេលប៉ុន្មានថ្ងៃខាងមុខ ។

ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មាធិការ ក៏បានមានប្រសាសន៍ដែលថា ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៩ ឆ្នាំ២០២៤ រៀបចំឡើងក្រោម ទិសស្លោកបង្កើនស្មារតី «សាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ» រវាងយុវជន ដែលជាមន្ត្រីរាជការនៅតាមក្រសួង ស្ថាប័ន និងបំផុសស្មារតីស្រលាញ់ ចូលចិត្ត និងលេងកីឡាដើម្បីសុខភាព ។ ឯកឧត្តម បញ្ជាក់ថា ការប្រកួតលើកទី៩នេះ បែងចែកជា ៨ពូល ដើម្បីធ្វើការប្រកួតជម្រុះ នៅទីលានវិទ្យាល័យបឹងត្របែក ក្នុងនោះពូលA ដល់ពូលF គឺមាន ៤ក្រុមក្នុងមួយពូល ខណៈពូលG និងពូល H មាន ៥ក្រុម ។ បន្ទាប់មកក្រុមឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ដែលត្រូវធ្វើការប្រកួតនៅកីឡដ្ឋានស្ដាតចាស់ ។

សូមរំលឹកថា សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន កាលពីឆ្នាំ២០២២ មានក្រុមចូលរួមត្រឹមតែ៣១ប៉ុណ្ណោះ ខណៈជ័យលាភីលេខ១ បានទៅលើក្រុម យុវជនក្រសួងសាធារណការ និងដឹកជញ្ជូន ។

ជម្រាបផងដែលថា ចំពោះក្រុមចាស់ដែលអាក់ខានក្នុងឆ្នាំ២០២២(លើកទី៨) នឹងចូលរួមវិញ ក្នុង ឆ្នាំ២០២៤ (លើកទី៩) សរុប មាន៣៤ក្រសួងស្ថាប័ន ក្នុងឆ្នាំ២០២៤នេះ
មានទីតាំងប្រកួតថ្មីកម្រិតស្តង់ដា គឺកីឡដ្ឋានខេមរភូមិន្ទ(ស្តាតចាស់) និងវិទ្យាល័យបឹងត្របែក
មានការរចនា និងការរៀបចំថ្មីលើការងារ Artwork ពិសេសរំលេចនូវការបន្តចូលរួមសកម្មភាពគាំទ យុទ្ធនាការ Beyond The Games (បេះដូងលោតក្នុងចង្វាក់តែមួយ) លើសពីការប្រកួត មានរៀបចំដោយបញ្ចូលនូវគុនល្បុក្កតោ និងការសម្ដែងថ្មីៗ ក្នុងពិធីបើក និងបិទ ។

You might also like