អ្នករៀបចំទិវារត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រ បានវិលត្រឡប់មកវិញ

Detail Top Banner

ទិវារត់ប្រណាំង ស្រ្តី ចម្ងាយ 10គ.ម បានវិលត្រឡប់មកវិញដែលនឹងប្រព្រឹត្តឡើងនាថ្ងៃទី 08 ខែមីនា ឆ្នាំ2024 នៅសួរច្បារខាងមុខវត្តបទុមវតី រាជធានីភ្នំពេញ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញថ្ងៃទី០៦ ខែកុម្ភៈថា កម្មវិធីនេះ រៀបចំឡើង ក្នុងគោលបំណងចូលរួមលើកកម្ពស់ដល់សិទ្ធិស្មើភាព និងអានុភាពរបស់ស្ត្រី ក្នុងសកម្មភាពសង្គម និងវិស័យកីឡា ។ រដ្ឋលេខាធិការក្រសួងអបរំ ដដែលបន្ដថា «ទិវារត់ប្រណាំងស្ដ្រីចម្ងាយ ១០គីឡូម៉ែត្រនេះ ត្រូវបានធ្វើឡើង ដើម្បីជំរុញដល់ការលើកកម្ពស់ដល់សមភាពយេនឌ័រ ក៏ដូចជាការកៀរគរឲ្យស្ត្រីចូលរួមក្នុងសកម្មភាពកីឡាឲ្យបានច្រើន» ។ បច្ចុប្បន្នកម្មវិធី Women Run 10K បានទទួលការចុះឈ្មោះចូលរួមជាង ១ពាន់នាក់ហើយ ប៉ុន្ដែឯកឧត្តម វ៉ាត់ ចំរើន បានអំពាវនាវឲ្យប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះចូលរួមឲ្យបានច្រើនកុះករថែមទៀត ពិសេសស្ដ្រី ដើម្បីបំផុសចលនាស្ដ្រីក្នុងវិស័យកីឡាផង និងដើម្បីទទួលបានសុខភាព មិត្តភាព និងសាមគ្គីភាពផង ។ លើសពីនេះ ក៏ដើម្បីចូលរួមយុទ្ធនាការ កម្ពុជាស្អាត និងបៃតង់ ក៏ដូចជាយុទ្ធនាការ ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត ជាដើម ។

សូមបញ្ជាក់ថា ទិវារត់ប្រណាំងបែបកម្សាន្ដ និងសុខភាពនេះ នឹងត្រូវចេញដំណើរ នាព្រឹកព្រលឹមថ្ងៃទី០៨ ខែមីនា នៅបរិវេណមុខវត្តបទុមវតី ជាមួយការប្រកួត ២វិញ្ញាសា គឺរត់ចម្ងាយ ១០គីឡូម៉ែត្រ និង ៤គីឡូម៉ែទ្រ ដោយមានកិច្ចសហការពីរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរ ដើម្បីសម្រួលដល់សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងការរត់ដល់អ្នកចូលរួមទាំងអស់ផងដែរ ៕

You might also like