តើមូលហេតុអ្វី ? ទើបឈានដល់ការសម្រេចដកឈ្មោះ សាន់គុនខ្មែរចេញពីកម្មវិធី Thai Fight

Detail Top Banner

ថ្មីៗនេះក្នុងវិស័យគុនខ្មែរមានរឿងដ៏គួរអោយភ្ញាក់ផ្អើលជាច្រើន ដោយមានទាំងរឿងវិជ្ជមាន និងភាពអវិជ្ជមានមួយចំនួនបានកើតឡើង ស្របពេលដែលវិស័យគុនខ្មែរកំពុងបន្តរីកលូតលាស់ ពីមួយតំណាក់កាលទៅមួយតំណាក់ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជា ។

ជាមួយគ្នានោះក៏លេចលឺដំណឹងមកថា ខាងសង្វៀន Thai Fight មានបំណងចង់បានកីឡាករគុនខ្មែរទៅប្រកួតក្នុងកម្មវិធីរបស់គេ ខណៈកាលពីពេលថ្មីៗកន្លងទៅតាមការបញ្ជាក់របស់លោកជួប វុត្ថា ដែលតំណាងអោយខាងភាគីកម្ពុជាគ្រោងបញ្ជូន សាន់គុនខ្មែរទៅចូលរួម ។ ប៉ុន្តែអ្វីដែលធ្វើអោយអ្នកគាំទ្រមួយចំនួនបង្ហាញការខកចិត្តវិញនោះ គឺពេលនេះ ក៏លេចលឺដំណឹងមកថា ខាងភាគីថៃ សម្រេចចិត្តដកកីឡាករគុនខ្មែរចេញពីកម្មវិធីរបស់គេវិញហើយ ។


ជាមួយនឹងការដកបេក្ខភាពគុនខ្មែរចេញពីកម្មវិធី Thai Fight ត្រូវបានលោកជួប វុត្ថា បញ្ជាក់ច្បាស់ៗ ក្នុងបទសំភាសន៍ផ្ទាល់ជាមួយម្ចាស់ផេក Seng Moliny Journalist នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ថា បញ្ហាដែលនាំអោយ សាន់គុនខ្មែរមិនអាចទៅប្រកួតនៅសង្វៀនថៃបាន ក៏ព្រោះតែជម្លោះគ្នារវាង អ្នកគាំទ្រគុនខ្មែរ និងអ្នកគាំទ្រ មួយថៃ កាលពីជំនួប បឺត សង្ឃឹម ទល់នឹង យោធីន ។ លោកថា ខាងភាគីថៃ បានផ្ញើរូបភាពរវាងអ្នកគាំទ្រទាំងសងខាងមកកាន់លោកផ្ទាល់ ហើយខាងគេក៏បានសួរនាំ នឹងសុំយោបល់ពីខាងភាគីកម្ពុជាផងដែរ ដោយមានការយល់ព្រមទាំងសងខាង មុននឹងសម្រេចចិត្តដកបេក្ខភាពគុនខ្មែរចេញវិញ ។

ទន្ទឹមនោះអ្នកចាប់គូប្រចាំសង្វៀន ក្នុងស្រុកដ៏ល្បីខាងលើ ក៏បានបញ្ជាក់បន្ថែមថា ក្រោយខាងភាគីថៃសម្រេចដកកីឡាករគុនខ្មែរ ក៏មានបងប្អូនប្រជាពលរដ្ឋយើងជាច្រើនបានចូលមកបញ្ចេញមតិស្មើអោយសង្វៀនក្នុងស្រុកកុំបន្តនាំយកកីឡាករថៃមកប្រកួតបន្តទៀត ។ ជាការឆ្លើយតប លោកបញ្ជាក់ថា មិនចង់ឃើញបងប្អូនប្រជននៃប្រទេសទាំងសងខាងមានការរើសអើងជាតិសាសន៍នោះទេ ប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺព្យាយាមកាត់បន្ថយការនាំយកកីឡាករថៃមកប្រកួត ដោយងាកទៅនាំយកកីឡាករបរទេសមួយវិញ ដូចជាឡាវ ជប៉ុន អ៊ឺរ៉ង ហ្វីលីពីនជាដើមសឹងតែគ្រប់ជាតិសាសន៍ហើយដែលបានមកប្រកួតកម្ពុជាទាំងលំដាប់ក្រោម នឹងលំដាប់លើ ។ សម្រាប់ការលើកឡើងខាងលើ ត្រូវបានលោកជួប វុត្ថា ពន្យល់ថា ចំពោះការរើសអើងជាតិសាសន៍ ដែលធ្វើអោយកើតជាម្លោះ គ្មានអ្វីចំណេញនោះទេ មានតែខាតបង់រវាងប្រជាជាតិទាំងសងខាង ខាតទាំងកាទូត ទំនាក់ទំនងសេដ្ឋកិច្ច ជាដើម ។

គួរអោយដឹងថា ប្រសិនបើមិនមានបញ្ហាជម្លោះរវាងអ្នកគាំទ្រគុនខ្មែរ នឹងមួយថៃ នៅលើបណ្តាណសង្គមនោះទេ អ្នកប្រដាល់សាន់ គុនខ្មែរ នឹងត្រូវតំណាងអោយកម្ពុជាបានចេញទៅប្រកួតនៅសង្វៀន Thai Fight ថ្ងៃទី ២៥ ខែកុម្ភៈនេះ ។

 

ដោយ ៖ គោព្រៃ

You might also like