ក្រុមបាល់ទាត់ក្រសួងអប់រំ មិនទាន់ស្គាលពាក្យចាញ់៣ប្រកួតជាប់គ្នា នៃពានរង្វាន់ ” មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័ន ‘”
ក្រុមបាល់ទាត់ក្រសួងអប់រំ យុវជន និងកីឡា បន្តឈរកំពូលតារាងពូល H នៃពានរង្វាន់ ” មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័ន ‘ បន្ទាប់ពីបានយកឈ្នះទៅលើក្រុម ក្រសួងធម្មការ និងសាសនា ដោយលទ្ធផល ៧-០ នៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែក ។
បើតាមតារាងរបស់គណៈកម្មការរៀបចំការប្រកួត ដែលបានបង្ហោះលើផេកផ្លូវការ បាល់ទាត់អន្តរក្រសួងបានអោយដឹងថា ការប្រកួតកំពុងដំណើរការក្នុងវគ្គសន្សំពិន្ទុក្នុងពូលនៅឡើយនោះទេ ។ ខណៈក្រុមបាល់ទាត់ក្រសួងអប់រំ មិនទាន់ស្គាល់ពាក្យថាចាញ់ ដោយបន្តឈ្នះជាបន្តបន្ទាប់ ឆ្លងកាត់៣ប្រកួត ឈ្នះទាំង៣ ក្នុងនោះរកបានគ្រាប់បាល់ចំណេញរហូតដល់២១គ្រាប់ បច្ចុប្បន្នមាន៩ពិន្ទុពេញ ស្ថិតនៅពីលើក្នុងលេខពីរក្នុងតារាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលឆ្លងកាត់៣ប្រកួត មាន៩ពិន្ទុ មិនទាន់ចាញ់ដូចគ្នា មានគ្រាប់បាល់ចំណេញតែ១៥គ្រាប់ ។ រីឯក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថិតនៅលេខ៣ ឆ្លងកាត់៤ប្រកួត ឈ្នះ១ ស្មើ១ ចាញ់២ មាន៤ពិន្ទុ ចំណែកក្រសួងមហាផ្ទៃ ស្ថិតនៅលេខ៤ ឆ្លងកាត់៣ប្រកួត ស្មើ១ ចាញ់ ២ មាន១ពិន្ទុ និងចុងក្រោយក្រុមបាតតារាង ក្រសួងធម្មការ និងសាសនា ឆ្លងកាត់៣ប្រកួត មិនទាន់ស្គាល់ពាក្យថាឈ្នះ គ្នាពិន្ទុ ។
គួរអោយដឹងផងដែរថា សម្រាប់ប្រកួតបន្ទាប់ក្រុមបាល់ទាត់ក្រសួងអប់រំ យុវជន និងកីឡា នឹងត្រូវបន្តជួប ក្រុមក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ។ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់”មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” ចាប់ផ្តើមពីថ្ងៃទី១៤ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដោយមានក្រុមចំនួន៣៤ ចែកចេញជា៨ពូល(A,B,C,D,E,F,G,H)៕