ក្រសួងការពារជាតិដណ្តើមបានមេដាយច្រើនជាងគេ ពីការប្រកួតកីឡាប្រដាល់ឃីកបុកស៊ីង ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣

Detail Top Banner

ភ្នំពេញ – ការប្រកួតកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ បានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយក្រសួងការពារជាតិឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយច្រើនជាងគេ ក្នុងចំណោម ១១សមាគម ក្រសួង រាជធានី-ខេត្ត។

បើតាមរបាយការណ៍របស់លោក ផេង វណ្ណៈ អគ្គលេខាធិការរង សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា បានអោយដឹងថា ក្នុងចំណោមវិញ្ញាសាសរុបចំនួន៩ គឺក្រសួងការពារជាតិដណ្តើមបានមេដាយមាស ៥គ្រឿង និងមេដាយប្រាក់ ៥, ខេត្តស្វាយរៀង ឈរលេខ២ មេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ១ ខណៈខេត្តកណ្តាល មេដាយមាស និងសំរឹទ្ធ ៣គ្រឿង។ ចំពោះ៥សមាគម ក្រសួង រាជធានី-ខេត្ត ដូចជាក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ សៀមរាប កែប និងបាត់ដំបង ឈរនៅលេខរៀងបន្តបន្ទាប់ ដោយទទួលបានមេប្រាក់១គ្រឿង ដូចៗគ្នា ខណៈខេត្តកំពង់ឆ្នាំង និងមណ្ឌលគិរីមិនទទួលបានមេដាយសោះ។

លោក ផេង វណ្ណៈ បានឱ្យដឹងទៀតថា ការប្រកួតកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាជ្រើសរើសជើងឯកថ្នាក់ ជាតិប្រចាំឆ្នាំ២០២៣នេះ មាន១១សមាគម ក្រសួង រាជធានី ខេត្ត ចូលរួមប្រកួត កីឡាករ-កីឡាការិនី សរុបមានចំនួន ៧៥នាក់ (នារី១៥នាក់) ប្រតិភូ-គ្រូបង្វឹក២២នាក់ មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ចំនួន៤៥នាក់ សរុបរួមចំនួន ១៤២នាក់។ វិញ្ញាសាដាក់ឱ្យប្រកួតមានចំនួន ០៩វិញ្ញាសា ដូចជាផ្នែកបុរស មាន០៦ប្រភេទទម្ងន់ គឺ-៥១គ.ក្រ, -៥៧គ.ក (Full Contact) -៦០គ.ក (Low Kick), -៥៤គ.ក្រ, -៦៣.៥គ.ក, -៦៥គ.ក្រ (K1 Style)។ វិញ្ញាសាផ្នែកនារី មាន០៣ ប្រភេទទម្ងន់ គឺ -៥២គ.ក (Full Contact), -៥៤គ.ក, -៥៦គ.ក (Low Kick)។

គួរបញ្ជាក់ថា ពិធីបិទការប្រកួត និងពិធីបំពាក់មេដាយជូនដល់ម្ចាស់ជ័យលាភីទទួលបានកិត្តិយសអញ្ជើញពីឯកឧត្តម ឧត្តមសនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងការការចូលរួមលើកទឹកចិត្តពីឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានទី១សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាទីប្រឹក្សាជន់ខ្ពស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ព្រមទាំងតំណងក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕

You might also like