NOCC បង្ហាញផែនការមេត្រៀមធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី និងកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំថា កម្ពុជានឹងខិតខំសម្រេចឱ្យបានរួចរាល់នូវការរៀបចំបទដ្ឋានគតិយុត្ត និងផែនការមេ ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ (5th Asian Youth Games 2029) និងការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦ ឆ្នាំ២០២៩ (6th Asian Youth Para Games 2029) នៅព្រះរាជាណាចក្រកម្ពុជា ដែលជាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងនាមជាម្ចាស់ផ្ទះ បន្ទាប់ពីទទួលបានការកោតសរសើរ និងជោគជ័យយ៉ាងត្រចេះត្រចង់នៃការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កន្លងទៅនេះ។
នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបានប្រកាសកាលពីចុងសប្តាហ៍ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅក្នុងឱកាសរៀបចំមហាសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃដដែលនេះ។
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា ដើម្បីរំលេចឡើងវិញនូវមោទនភាពជាតិដ៏ធំធេងបានមកពីជោគជ័យដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍កីឡា SEA Games លើកទី៣២ និង ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ និងត្រៀមលក្ខណៈសម្បត្តិលើកកម្ពស់សមត្ថភាព គុណភាព ដឹកនាំចលនាអូឡាំពិក ក៏ដូចការត្រៀមចូលរួមប្រកួតកីឡាអន្តរជាតិនានា និងត្រៀមរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ីលើកទី៥ ឆ្នាំ២០២៩ និងការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩។គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងទិសដៅការងារឆ្នាំ២០២៤ ជាគន្លឹះដូចជា ៖ បន្តកំណែទម្រង់ស៊ីជម្រៅក្នុងកាតព្វកិច្ចរួមគ្នានៃការពង្រឹងប្រសិទ្ធភាព និងគុណភាពគ្រប់គ្រងដឹកនាំរបស់ គ.ជ.អ.ក. សហព័ន្ធកីឡាជាតិ និងដៃគូអភិវឌ្ឍនានាស្របតាមយន្តការអភិបាលកិច្ចល្អ និងអនុវត្តយ៉ាងមុតស្រួច បង្កើនល្បឿននៃការអភិវឌ្ឍធនធានមនុស្សឱ្យក្លាយជាមូលធនមនុស្សជំនាញវិជ្ជាជីវៈកីឡា ប្រកបដោយគុណវុឌ្ឍ កីឡាខ្ពស់ និងគុណផលកីឡាខ្ពស់ ដើម្បីសម្រេចឱ្យបានរួចរាល់នូវ ការរៀបចំបទដ្ឋានគតិយុត្ត និងផែនការមេ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជន អាស៊ីលើកទី៥ ឆ្នាំ២០២៩ (5th Asian Youth Games 2029) និងការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦ ឆ្នាំ២០២៩ (6th Asian Youth Para Games 2029)។
គូសបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី (Asian Youth Games) លើកទី៥ នាឆ្នាំ២០២៩ គឺព្រះរាជាណាចក្រកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះជាផ្លូវការរួចហើយ នៅក្នុងមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ ពេលនោះឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្នុងនាមជាអ្នករៀបចំការប្រកួតកីឡាយុវជនអាស៊ី និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងនាមម្ចាស់ផ្ទះរាជធានីភ្នំពេញបានចុះហត្ថលេខាជាមួយប្រធានស្តីទីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដោយទទួលបានការអបអរសាទរពីបណ្តាប្រទេសដែលចូលរួមទាំងអស់ចំនួន ៤៥ប្រទេសនៃទ្វីបអាស៊ី។ ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី និងបណ្តាប្រទេសក្នុងទ្វីបអាស៊ីបានអបអរសាទរជូនចំពោះព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ជាមួយនឹងការមើលឃើញពីការរីកចម្រើនខាងផ្នែកកីឡា ក៏ដូចជាការអភិវឌ្ឍ និងសន្តិភាពរបស់កម្ពុជា។ដោយឡែកសម្រាប់ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ (6th Asian Youth Para Games 2029) ដែលជាព្រឹត្តិការណ៍កីឡាសម្រាប់ជនមានពិការភាព ក៏ត្រូវបានកម្ពុជាបានប្រកាសជាផ្លូវការ ក្នុងការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះដែរ បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ក្នុងឆ្នាំ២០២៩ដូចគ្នា៕