តេក្វាន់ដូ ITF ចម្រាញ់រកអត្តពលិកឆ្នើម ត្រៀមជើងឯកអាស៊ី នៅប្រទេសឥណ្ឌា ចុងខែសីហា
សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅសាលនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានរៀបចំការតេស្តសមត្ថភាពអត្តពលិករបស់ខ្លួន ជម្រុះស្វែងរកអ្នកឆ្នើមៗ ដើម្បីត្រៀមបញ្ចូនចេញទៅចូលរួមការប្រកួតជើងឯកអាស៊ី នៅប្រទេសឥណ្ឌា នាខែសីហា ឆ្នាំ២០២៤ខាងមុខ។
ឯកឧត្តម កែវ រ៉េមី គូសបញ្ជាក់ថា កាលពីឆ្នាំមុន គ្រូបង្វឹកតេក្វាន់ដូ ITF មានចំនួន ៤នាក់ រីឯក្រុមជម្រើសជាតិមានចំនួន ២៣នាក់ ប៉ុន្តែនៅក្នុងឆ្នាំ២០២៤នេះ កាត់នៅសល់គ្រូបង្វឹក២នាក់ និងក្រុមកីឡាករកីឡាការិនីជម្រើសជាតិនៅសល់ត្រឹម១៣នាក់។ ដូច្នេះ ដើម្បីជម្រុះឱ្យមានតម្លាភាព ត្រូវតេស្តសមត្ថភាព តាមរយៈការប្រកួតប្រជែងបង្ហាញសមត្ថភាព។ ឯកឧត្តម កែវ រ៉េមីបង្ហាញការសោកស្តាយ ដោយមិនចង់ជម្រុះនោះទេ ដោយចង់រក្សានូវចំនួនគ្រូបង្វឹក និងកីឡាករ កីឡាការិនីជម្រើសជាតិឱ្យបានច្រើនដូចកាលពីឆ្នាំកន្លងទៅ។
ប្រធានសហព័ន្ធមានប្រសាសន៍ថា កន្លងមក សហព័ន្ធកីឡាតេក្វាន់ដូ ITF គឺជាសហព័ន្ធមួយដែលខ្លាំង ចង់ពង្រីកសក្តានុពលទាំងគុណភាព និងបរិមាណ ប៉ុន្តែនៅឆ្នាំ២០២៤នេះ យើងមានការសោកស្តាយ ប៉ុន្តែយើងត្រូវគោរពទៅតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ នៅក្នុងការកាត់បន្ថយនេះ យើងត្រូវធ្វើឡើងឱ្យមានភាពយុត្តិធម៌បំផុត ដោយមិនជជែកគ្នាតែក្នុងក្រុមគ្រូបង្វឹក លក្ខណៈបិទទ្វារហើយកាត់បន្ថយចំនួនគ្រូ និងក្រុមជម្រើសជាតិតែម្តងនោះទេ។
ដូច្នេះតាមរយៈការប្រកួតជ្រើសរើសនេះបានបង្ហាញពីតម្លាភាព ប្រកបដោយភាពយុត្តិធម៌បំផុត។ជាមួយគ្នានោះ ឯកឧត្តមប្រធាន កែវ រ៉េមី បានសង្កត់ធ្ងន់ថា សម្រាប់ការត្រៀមចូលរួមប្រកួតកីឡាតេក្វាន់ដូ ជើងឯកអាស៊ី នាខែសីហា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌា គឺសហព័ន្ធគ្រោងនឹងចំណាយថវិកាជាង ២ម៉ឺនដុល្លារ ដែលសម្រាប់សហព័ន្ធតេក្វាន់ដូ ITF គឺមានការលំបាក ដោយឯកឧត្តមប្តេជ្ញាថានឹងខិតខំស្វែងរកការឧបត្ថម្ភគាំទ្រដល់ការចំណាយនេះ ដើម្បីជំរុញឱ្យក្រុមជម្រើសជាតិកម្ពុជាបានបញ្ចេញសមត្ថភាព ក្នុងការប្រជែងមេដាយយកមកជូនជាតិមាតុភូមិ ពីព្រឹត្តិការណ៍ប្រកួតកម្រិតអាស៊ីមួយនេះ៕