ចំបាប់កម្ពុជា២នាក់ត្រៀមប្រកួតជម្រុះនៅគៀជីស្ថាន ដើម្បីស្វែងរកកៅអី កីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤
សហព័ន្ធកីឡាចំបាប់កម្ពុជាបានត្រៀមកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួន ២នាក់ ចូលរួមប្រកួតជម្រុះ នាដើមខែមេសា ឆ្នាំ២០២៤ នៅប្រទេសគៀជីស្ថាន (Kyrgyzstan) ដើម្បីស្វែងរកសិទ្ធិផ្លូវការចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស ប្រទេសបារំាង ឆ្នាំ២០២៤។
លោក ខេស៊ី បាណេត ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាមានប្រសាសន៍ថា សហព័ន្ធបានត្រៀមជម្រើសជាតិរបស់ខ្លួនចំនួន ២នាក់ គឺកីឡាករ ហេង វុទ្ធី នឹងត្រូវប្រកួតលើចំបាប់សេរី ទម្ងន់៨៦គីឡូក្រាម និងកីឡាការិនី ឌិត សំណាង ប្រកួតលើប្រភេទទម្ងន់ ៥០គីឡូក្រាម។ មុនការប្រកួតជម្រុះផ្លូវការ អត្តពលិកចំបាប់កម្ពុជានឹងត្រូវបោះជំរំហ្វឹកហាត់ចំនួន ២សប្តាហ៍ នៅប្រទេសគៀជីស្ថាន ដែលជាកន្លែងប្រកួតជម្រុះនេះតែម្តង។ លោក ខេស៊ី បាណេត បានអះអាងថា តាមពិត ចំបាប់កម្ពុជាអាចដាក់កីឡាករ កីឡាការិនីបន្ថែមលើសពី២នាក់ ប៉ុន្តែដោយសារធនធានយើងនៅមានកម្រិត ទើបយើងសម្រេចយកកីឡាករ កីឡាការិនីត្រឹម២នាក់ចូលរួមប្រកួតជម្រុះនេះ។
អនុប្រធានសហព័ន្ធកីឡាចំបាប់រូបនេះសង្កត់ធ្ងន់ថា ការប្រកួតនេះគឺមានការលំបាក់ណាស់ ពីព្រោះអត្តពលិកចំបាប់ក្នុងទ្វីបសុទ្ធតែខ្លាំងៗ។ បើទោះបែបនេះក្តី ក៏លោកបានបង្ហាញពីការប្តេជាចិត្តខ្ពស់ថា អត្តពលិកកម្ពុជានឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីជាក្តីសង្ឃឹមនៃការប្រកួតជម្រុះ និងឆ្លងចូលរួមទៅប្រកួតកីឡាអូឡាំពិក រដូវក្តៅ ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ២០២៤នេះ។
ចំពោះប្រតិភូដឹកនាំ គ្រូបង្វឹក និងអត្តពលិក ដែលត្រៀមចូលរួមប្រកួតជម្រុះប្រចាំទ្វីបអាស៊ីនៃអូឡាំពិកហ្គេម ប៉ារីស ២០២៤នេះ គឺមានចំនួន៤នាក់ ដោយមានលោក ខេស៊ី បាណេត ជាប្រធានប្រតិភូ, លោកស្រី ចូវ សុធារ៉ា គ្រូបង្វឹក និងកីឡាករ ហេង វុទ្ធី និងកីឡាការិនី ឌិត សំណាង។ ចំពោះការចំណាយលើសំបុត្រយន្តហោះ និងការរៀបចំទៅសម្រាប់ព្រឹត្តិការណ៍នេះ គឺជាថវិកាចំណាយមួយផ្នែកឧបត្ថម្ភផ្ទាល់ដោយលោក ខេស៊ី បាណេត និងមួយផ្នែកទៀតជាជំនួយរបស់សហព័ន្ធកីឡាចំបាប់អន្តរជាតិបានសហការអូឡាំពិកអន្តរជាតិ។
លោក ខេស៊ី បាណេត បានរម្លឹកថា ប្រភេទកីឡាចំបាប់កម្ពុជាក៏ធ្លាប់ចូលរួមប្រកួតកីឡាអូឡាំពិកដែរ កាលពីឆ្នាំ១៩៩៦ ដោយឯកឧត្តម វ៉ាត់ ចំរើន អតីតកីឡាករចំបាប់ និងអតីតកីឡាការិនីចំបាប់ ចូវ សុធារ៉ា កាលពីឆ្នាំ២០១៦ តាមរយៈសិទ្ធិអនុគ្រោះ។ តាមរយៈផែនការយុទ្ធសាស្ត្ររយៈពេលវែង កម្ពុជាបានដាក់ចេញគោលដៅស្វែងរកមេដាយ១ នៃគោលដៅអូឡាំពិកហ្គេម នាឆ្នាំ២០៣២ នៅប្រទេសអូស្រ្តាលី គឺសហព័ន្ធកីឡាចំបាប់កម្ពុជាក៏នឹងប្រឹងប្រែងផ្តោតការអភិវឌ្ឍលើធនធានយុវជនចន្លោះអាយុ ១២ឆ្នាំ ១៣ឆ្នាំ និង១៤ឆ្នាំឱ្យបានច្រើន និងជំរុញឱ្យមានការចូលរួមប្រកួតជម្រុះឱ្យបានច្រើន ដើម្បីត្រៀមឆ្ពោះទៅរកគោលដៅមេដាយជាប្រវត្តិសាស្ត្រដំបូងបំផុត ក្នុងការប្រកួតកីឡាអូឡាំពិក រដូវក្តៅ នាឆ្នាំ២០៣២ខាងមុខ ដែលជាការប្រកួតកម្រិតបច្ចេកទេសខ្ពស់បំផុតរបស់ពិភពលោក ដោយត្រូវប្រារព្ធធ្វើឡើងរៀងរាល់ ៤ឆ្នាំម្តង៕