ល្បុក្កតោកម្ពុជានឹងសម្ដែងរួមគ្នាជាមួយគុនសាវលីងចិនជាលើកដំបូងនៅខាងជើងប្រាសាទបាយ័ន
ភ្នំពេញ៖ ដោយមានការស្នើសុំពីក្រសួងទេសចរណ៍ជាតិទៅកាន់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នៅថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤នេះ នឹងមានការសម្ដែងរួមគ្នាដ៏ធំមួយជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររវាងក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុនសាវលីងរបស់ចិន នៅបរិវេណខាងជើងប្រាសាទបាយ័ន ចាប៉ពីម៉ោង៧និង៣០នាទីព្រឹកតទៅ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបញ្ជាក់ថា ការសម្ដែងធ្វើឡើងដើម្បីអបអរសាទរ”“ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” និងជាការរឹតចំណងមិត្តភាពរវាងក្បាច់គុនប្រពៃណីរបស់ប្រទេសទាំង២។ ការសម្ដែងរួមគ្នាលក្ខណៈទ្វេភាគីនេះជាជំហានដំបូងមួយ និងម្ដងមួយៗ ខណៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏កំពុងគ្រោងរៀបចំទិវាគុនចម្រុះ ឬ World Martial Arts នៅមុខប្រាសាទអង្គរវត្ត ហើយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រក៏បានអនុញ្ញាតជាគោលការណ៍រៀបចំនៅឆ្នាំក្រោយ។
ឯកឧត្ដម វ៉ាត់ ចំរើន ជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងជំរុញដល់ទេសចរណ៍ និងសេដ្ឋកិច្ច ក៏ដូចជាលើកតម្លៃក្បាច់គុនខ្មែរ ទាំងគុនខ្មែរ និងល្បុក្កតោ។ អ្វីដែលពិសេសទៅទៀតនោះ គឺបានបង្ហាញក្បាច់គុនដ៏ចំណាស់របស់នៅពីមុខទឹកដីអច្ឆរិយៈនៅតំបន់អង្គរ ហើយក៏បានបង្ហាញពីប្រវត្តិ ទស្សនៈវិជ្ជា ឱ្យក្បាច់គុនផ្សេងៗបានឃើញ។ ក្នុងនោះដែរ ភាគីខាងអង្គការយូណេស្កូនឹងត្រូវបានអញ្ជើញចូលរួមទស្សនាសកម្មភាពទាំងនេះ៕