នាយកបច្ចេកទេសម៉ាឡេស៊ីមកពិនិត្យមើលការត្រៀមធ្វើម្ចាស់ផ្ទះកម្ពុជា ការប្រកួតកីឡាប៉ារ៉ាប៊ូលីង

Detail Top Banner

លោក George TAN នាយកបច្ចេកទេសអន្តរជាតិ ដែលជាជនជាតិម៉ាឡេស៊ីបានអញ្ជើញចុះមកត្រួតពិនិត្យមើលបច្ចេកទេសទីលានប្រកួត និងការហ្វឹកហាត់របស់អត្តពលិកមានពិការភាពកម្ពុជា ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាប៉ារ៉ាប៊ូលីងជើងឯកកម្ពុជាលក្ខណៈបើកទូលាយ ឆ្នាំ២០២៤ (Cambodia Open Para Bowling Championships 2024) ជាលើកដំបូង ដោយមាន៩ប្រទេសទេសហើយ ដែលបានចុះឈ្មោះជាផ្លូវការចូលរួមប្រកួតប្រជែងមេដាយ ពីថ្ងៃទី២១-២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានប្រូប៊ូលស្ព័រ នៃខាលែនឌែលម៉ល (Probowl Bowling Centre, Khalande Mall) ស្ថិតនៅសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក ឆាយ កៀក អគ្គលេខាធិការ សហព័ន្ធកីឡាប៊ូលីងកម្ពុជាគូសបញ្ជាក់នៅក្នុងឱកាសនាយកបច្ចេកទេសសំណេះសំណាល និងត្រួតពិនិត្យបច្ចេកទេស កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅប្រូប៊ូលថា ព្រឹត្តិការណ៍ Cambodia Open Para Bowling Championships ២០២៤នេះ គឺលោក George TAN បានអញ្ជើញមកកម្ពុជា ២-៣ដងហើយ រួមទាំងលើកនេះ ដោយលោកបានពិនិត្យមើលទីលានប្រកួតផង និងការអភិវឌ្ឍកីឡាករ-កីឡាការិនីមានពិការភាពកម្ពុជាផង។

«នាយកបច្ចេកទេសអន្តរជាតិ លោក George TAN បានបង្ហាញពីការភ្ញាក់ផ្អើលចំពោះអត្តពលិកកម្ពុជាប្រមាណ២០នាក់ ដែលទើបនឹងចាប់ផ្តើមហ្វឹកហាត់បានរយៈពេល២ខែកន្លងមកនេះ មានលក្ខណៈល្អប្រសើរច្រើន ដើម្បីជំរុញការរៀបចំឱ្យស្របតាមស្ដង់ដា និងឆ្លើយតបតាមលក្ខខណ្ឌប្រកួតជាដើម។ នាខែមិថុនា ឆ្នាំ២០២៤ មុនការប្រកួត យើងនឹងធ្វើសន្និសីទសារព័ត៌មានអន្ដរជាតិមួយ ដើម្បីបង្ហាញពីវឌ្ឍនភាព នៃការត្រៀមរៀបចំការប្រកួត ពីថ្ងៃទី២១-២៧ ខែមិថុនា ឆ្នាំ២០២៤ »។ លោក ឆាយ កៀក បានបន្ថែម។

អគ្គលេខាធិការរូបនេះបានសង្កត់ធ្ងន់ថា លោក George TAN បានទស្សនាអំពីការអភិវឌ្ឍកីឡាករ-កីឡាការិនីកម្ពុជា ដោយបានបង្ហាញពីការភ្ញាក់ផ្អើលចំពោះភាពរីកចម្រើនរយៈពេលខ្លី ទោះបីកីឡាករ-កីឡាការិនីពិការកម្ពុជា ចាប់ផ្ដើមពីចំណុចសូន្យ អត់ចេះអ្វីសោះ ប៉ុន្តែ២ខែមកនេះ ពួកគេបានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស ហើយនេះមិនទាន់មានពេលវេលាគ្រប់គ្រាន់សម្រាប់ពួកគាត់ផង ព្រោះពួកគេជាប់សិក្សា។ ការហ្វឹកហាត់របស់អត្តពលិកពិការកម្ពុជាបានតែ២ថ្ងៃក្នុងមួយសប្ដាហ៍ ហើយប្រសិនបើមានការហ្វឹកហាត់រៀលរាល់ថ្ងៃទៀតនោះ ការអភិវឌ្ឍបច្ចេកទេសរបស់របស់ពួកគាត់នឹងកាន់តែលឿន និងល្អប្រសើរថែមទៀត។

លោក ឆាយ កៀក មានប្រសាសន៍ថា កីឡាករកីឡាការិនីពិការ ដែលកំពុងហ្វឹកហាត់ចំនួន២០នាក់នេះ គឺស្ថិតក្នុងការពិនិត្យតាមដាន ដើម្បីសម្រិតសម្រាំងយក ក្នុងចន្លោះពី ៨ទៅ១០នាក់ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយជូនជាតិ។ «បើសិនការប្រកួតលើកនេះជោគជ័យ យើងនឹងរៀបចំចងក្រងពួកគាត់ទៅជាក្រុមជម្រើសជាតិមួយដ៏រឹងមាំ សម្រាប់ក្រុមប៉ារ៉ាប៊ូលីង ត្រៀមការប្រកួតអន្ដរជាតិផ្សេងៗទៀត ពិសេសការប្រកួតអន្តរជាតិ នៅហុងកុង នាឆ្នាំ២០២៥ខាងមុខ។ សម្រួចក្នុងទិសដៅរបស់កម្ពុជានេះដែរ គឺយើងត្រៀមក្រុមជម្រើសជាតិពិការប៊ូលីងកម្ពុជា ត្រៀមចូលរួមប្រកួតក្នុងការប្រកួតអាស៊ានប៉ារ៉ា, អាស៊ីប៉ារ៉ា និង World Para ជាដើមផងដែរ។

គួរបញ្ជាក់ថា ការប្រួតប៉ារ៉ាប៊ូលីង ឆ្នាំ២០២៤ ដែលកម្ពុជាកំពុងត្រៀមធ្វើម្ចាស់នេះ គឺមានការប្រកួតលើវិញ្ញាសាគោល៣ធំៗ គឺប្រភេទនៃការចុះខ្សោយ i.e. ពិការភ្នែក, ការចុះខ្សោយបញ្ញា, ពិការភាពរាងកាយ (មាន៣ប្រភេទនៅក្នុងក្រុមពិការភ្នែក ពោលគឺ B1, B2, B3)។ ប្រភេទសម្រាប់ការចុះខ្សោយបញ្ញា (B4)។ ប្រភេទនៅក្នុងពិការភាពរាងកាយ i.e. គឺB8-រទេះរុញ, B9-អវយវៈក្រោម, B10-ពិការអវយវៈខាងលើ។

ព្រឹត្តិការណ៍នេះរៀបចំក្នុងប្រទេសកម្ពុជា ដើម្បីឱ្យមានវិស័យកីឡាប៊ូលីង សម្រាប់ជនមានពិការភាព។ យើងសង្ឃឹមថានឹងអភិវឌ្ឍកីឡាប៉ារ៉ាប៊ូលីង ដើម្បីឱ្យវាអាចបញ្ចូលក្នុងព្រឹត្តិការណ៍ Asian Para Games និងAsean Para Games។ ចំពោះប្រទេស ដែលបានចុះឈ្មោះត្រៀមបញ្ជូនអត្តពលិកមានពិការភាពរបស់ខ្លូនចូលរួមប្រកួតនៅកម្ពុជា រួមមាន៖ សាធារណរដ្ឋកូរ៉េ, ហុងកុង-សៀងហៃ នៃប្រទេសចិន, ជប៉ុន, សាធារណរដ្ឋឆេក, ហ្វីលីពីន, ថៃ, ឥណ្ឌា, ម៉ាឡេស៊ី និងម្ចាស់ផ្ទះកម្ពុជា ដោយមានអត្តពលិកពិការសរុប ប្រមាណ ១០០នាក់ និងមន្ត្រីប្រមាណ ៣០នាក់ផ្សេងទៀត៕

You might also like