ជម្រើសជាតិកាយវប្បកម្មកម្ពុជារកបានមេដាយប្រាក់២គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៦ នៅប្រទេសឡាវ
កីឡាករជម្រើសជាតិកាយវប្បកម្មកម្ពុជាដណ្តើមបានមេដាយប្រាក់២គ្រឿង ពីការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១៨ ឆ្នាំ២០៤ នៅប្រទេសឡាវ ពីថ្ងៃទី១៦-២០ ខែឧសភា ឆ្នាំ២០២៤។
នេះបើតាមការបញ្ជាក់ពីលោក តិក ប៊ុនវី ចៅក្រមកម្ពុជា ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះបានឱ្យដឹងពីប្រទេសឡាវ នៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះថា ក្នុងចំណោមជម្រើសជាតិកាយវប្បកម្ម៥នាក់ដែលចូលរួមប្រកួតប្រជែងមេដាយជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសឡាវ ពេលនេះ គឺកម្ពុជាដណ្តើមបានមេដាយប្រាក់២គ្រឿង ដោយមេដាយទី១ ដណ្តើមបានដោយកីឡាករ ឆឹង ណូរ៉ា លើវិញ្ញាសា Men’s athletic physique up to 160cm និងមេដាយប្រាក់១គ្រឿងទៀតដណ្តើមបានដោយកីឡាករ ស្រ៊ិន រាជ្យ លើវិញ្ញាសា Men’s Sports Physique over 175cm ចំណែក២រូបទៀតមិនបានចូល Top5 ទេ ពុំទទួលបានចំណាត់ថ្នាក់ទេ។ ចំណែកឯ ឆេង ចន្ទ័កក្កដា បានត្រឹមចំណាត់ថ្នាក់លេខ៤ លើវិញ្ញាសា Men’s athletic Physique up to 167 cm។ ការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១៨ ឆ្នាំ២០៤ នៅប្រទេសឡាវ ពីថ្ងៃទី១៦-២០ ខែឧសភា ឆ្នាំ២០២៤មាន១១ប្រទេស ខណៈកីឡាករកម្ពុជាទាំង៥នាក់ រួមមាន ៖ ស្រ៊ិន រាជ្យ, ឆឹង ណូរ៉ា, ឆេង ច័ន្ទកក្កដា, ជីម ចន្ថា និង ខាន់ ឆៃយ៉ា និងលោក តិក ប៊ុនវី ចៅក្រម និងលោកស្រី អេមី សារីរ៉ុម ជាគ្រូបង្វឹក៕