អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រកីឡាករកម្ពុជាប្រកួតក្នុងព្រឹត្តិការណ៍DAVIS CUPនៅមរតកតេជោ
ភ្នំពេញ៖ ព្រឹត្តិការណ៍DAVIS CUP គ្រុបទី៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូង នឹងដំណើរការប្រកួតផ្លូវការនៅនៅខែ កក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣។
លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍កម្រិតពិភពលោកនេះ ចាប់តាំងពីឆ្នាំ២០១២មក ហើយមកដល់ឆ្នាំ២០២៤ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ មានរយៈពេល១២ឆ្នាំ។
អ្វីដែលជំរុញឱ្យកម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិផ្តល់សិទ្ធិទទួលធ្វើជាម្ចាស់ផ្ទះ ក៏ដោយសារតែសហព័ន្ធអន្តរជាតិមើលឃើញពីការខិតខំប្រឹងប្រែង និងជោគជ័យក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ដូច្នោះហើយ ការទទួលធ្វើជាម្ចាស់កីឡាវាយកូនបាល់កម្រិតពិភពលោករៀបចំជាលើកដំបូងនៅកម្ពុជានេះ លោក អគ្គលេខាធិការ ទេព រិទ្ធីវិទ្ធ បានអំពាវនាវសុំឱ្យប្រជាពលរដ្ឋកម្ពុជា ចូលរួមទស្សនាគាំទ្រលើកទឹកចិត្តដល់កីឡាករកម្ពុជា នៅក្នុងពហុកីឡដ្ឋានមរតកតេជោ។ ការលើកទឹកចិត្តពីអ្នកគាំទ្រកម្ពុជានឹងជំរុញលើកទឹកចិត្តរបស់យើងមានកម្លាំងចិត្តប្រកួតដណ្តើមបានជ័យជំនះជូនជាតិលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។ សម្រាប់ព្រឹត្តិការណ៍DAVIS CUP ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ ប្រសិនបើគ្មានទស្សនិកជនចូលរួមគាំទ្រច្រើនកុះករនោះទេ កម្ពុជាក៏មិនត្រូវផ្តល់សិទ្ធិទទួលធ្វើម្ចាស់ផ្ទះទៀតដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍DAVIS CUP គ្រុបទី៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ដំណើរការប្រកួតនាខែ កក្កដា ឆ្នាំ២០២៤ខាងមុខនេះ មាន៨ប្រទេសបូកទាំងកម្ពុជាម្ចាស់ផ្ទះ ក្នុងនោះមានដូចជា ប្រទេស កម្ពុជាម្ចាស់ផ្ទះ, គុយវ៉ែត, កៀហ្ស៊ីស៊ីស្ថាន, អ៊ីរ៉ាក់ មីយ៉ាន់ម៉ា, ស្រីលង្កា, កាតា និងអេមីរ៉េតអារ៉ាប់រួម ។ ការប្រកួតបានបែងចែកជាពីរពូលពូលAនិងពូលB ដោយក្នុងមួយពូលមាន៤ក្រុម ប្រកួតតាមរូបមន្តជម្រុះក្នុងពូល យកលេខ១ និងលេខ២ក្នុងពូលនីមួយៗមកប្រកួតខ្វែង ។
គួររំលឹកថា ព្រឹត្តិការណ៍ DAVIS CUP កម្ពុជាបានចូលរួមក្នុងឆ្នាំ២០១២មកម្លះ គិតមកដល់ឆ្នាំ២០២៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់នេះ គឺមានរយៈពេល១២ឆ្នាំហើយ ។ក្នុងព្រឹត្តិការណ៍មួយនេះ កម្ពុជាបានឈ្នះឡើងទៅកាន់គ្រុនទី៣ និងរក្សាខ្លួននៅគ្រប់ទី៣បានជាច្រើនឆ្នាំ ហើយក៏ធ្លាក់កាន់គ្រប់ទី៤ ដែលជាគ្រុបចុងក្រោយ៕